ក្រុងបាងកក៖ សភាពការណ៍នៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា បានឈានដល់កម្រិតតឹងតែងជាថ្មី បន្ទាប់ពីកងទ័ពរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ទៅកាន់អាជ្ញាធរថៃ ដោយហាមឃាត់ដាច់ខាតមិនឱ្យមានការដឹកជញ្ជូន និងផ្គត់ផ្គង់ទំនិញទៅឱ្យក្រុមប្រដាប់អាវុធជនជាតិដើមភាគតិចការ៉េន (KNU) ជាដាច់ខាត ខណៈភាគីមីយ៉ាន់ម៉ាដាក់ការសង្ស័យថា ថៃកំពុងនៅពីក្រោយការជួយជ្រោមជ្រែងផ្នែកសេដ្ឋកិច្ចដល់ក្រុមប្រឆាំងមួយនេះ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Amarin News និងសេចក្តីថ្លែងការណ៍របស់ក្រុម KNU កងទ័ពរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានផ្ញើលិខិតព្រមានផ្លូវការមួយតាមរយៈគណៈកម្មាធិការព្រំដែនមីយ៉ាន់ម៉ា-ថៃ ក្នុងទីក្រុង Myawaddy ទៅកាន់អាជ្ញាធរព្រំដែន និងពាណិជ្ជករថៃ តាំងពីចុងខែសីហា ដោយបានព្រមានអាជីវករថៃ មិនឱ្យមានទំនាក់ទំនង ឬដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកត្រួតពិនិត្យ Saw Lae Tha ឡើយ។ អាជ្ញាធរមីយ៉ាន់ម៉ា ចាត់ទុកសកម្មភាពពាណិជ្ជកម្មទាំងនោះថាជាការរំលោភច្បាប់មីយ៉ាន់ម៉ា និងជាការជួយទ្រទ្រង់ដល់ «អង្គការខុសច្បាប់»។
កងទ័ពភូមាបានបញ្ជាក់ជំហរថា ប្រសិនបើនៅតែមានការល្មើសបម្រាមនេះ ខ្លួននឹងប្រើប្រាស់កម្លាំងយោធាបើកការវាយប្រហារកម្ទេចជុំរំ និងឃ្លាំងស្តុកទំនិញរបស់ក្រុមការ៉ែន ដែលស្ថិតនៅទល់មុខភូមិ Mae Sam Laep ស្រុក Sop Moei ខេត្ត Mae Hong Son របស់ប្រទេសថៃ ឱ្យខ្ទេចខ្ទី។
ជាការឆ្លើយតប កាលពីម្សិលមិញនេះ កងទ័ពអាកាសភូមិន្ទថៃ (RTAF) បានបញ្ជូនយន្តហោះចម្បាំង F-16 ចំនួន២គ្រឿង ហោះហើរល្បាតយ៉ាងសកម្មតាមបណ្តោយព្រំដែន ក្នុងខេត្តតាក (Tak) ដើម្បីបង្ហាញពីសមត្ថភាព ភាពប្រុងប្រៀបខ្លួន និងជំហរយ៉ាងរឹងមាំក្នុងការការពារអធិបតេយ្យភាពដែនអាកាស និងបានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់គោរពដែនដីរបស់ប្រទេសថៃជាដាច់ខាត៕