Khmer suport khmer cc time

កងទ័ពអាកាសថៃ សម្រេចបញ្ជូន«យន្តហោះ F-16» ពីរគ្រឿង ហោះល្បាតលើស្រុកម៉ែស៊ត ក្បែរព្រំដែនមីយ៉ាន់ម៉ា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បាងកក៖ កងទ័ពអាកាសភូមិន្ទថៃ បានដាក់ពង្រាយយន្តហោះប្រយុទ្ធប្រភេទ F-16 ចំនួន ២គ្រឿង ឱ្យធ្វើប្រតិបត្តិការហោះល្បាតលើដែនអាកាស ក្នុងស្រុកម៉ែស៊ត (Mae Sot) ខេត្តតាក និងតំបន់ជុំវិញ កាលពីវេលាម៉ោង ៥:០០ នាទីល្ងាច ថ្ងៃអាទិត្យ ទី១ ខែវិច្ឆិកា។ប្រតិបត្តិការនេះ គឺជាផ្នែកមួយនៃវិធានការតាមដាន និងការពារសុវត្ថិភាពដែនអាកាសថៃ នៅតាមបន្ទាត់ព្រំដែនថៃ-មីយ៉ាន់ម៉ា បន្ទាប់ បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងក្តៅគគុក រវាងយោធាមីយ៉ាន់ម៉ា និងក្រុមកងទ័ពភាគតិច បណ្តាលឱ្យគ្រាប់ផ្លោងធ្លាក់ឆ្លងដែនមកផ្ទុះក្នុងទឹកដីថៃ បង្កឱ្យស្រ្តីជនជាតិថៃម្នាក់រងរបួស និងខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ នៅក្នុងស្រុក Mae Sot ខេត្តតាក។យោងតាមកាសែត Khaosod English ការប្រកាសជូនដំណឹងជាមុននេះ គឺធ្វើឡើងដើម្បីបង្ការការយល់ច្រឡំ និងជៀសវាងការបង្កការភ័យស្លន់ស្លោដល់ពលរដ្ឋថៃ។

ប្រភពដដែលបន្តរាយការណ៍ថា កងកម្លាំងពិសេស Ratchamanu Task Force តំណាងឱ្យកងទ័ពអាកាសថៃ បានចេញសេចក្តីជូនដំណឹងជាសាធារណៈ ជម្រាបដល់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកម៉ែស៊ត និងសហគមន៍ក្បែរខាង ឱ្យបានជ្រាបជាមុនថា ពួកគេអាចនឹងឮសំឡេងយន្តហោះប្រយុទ្ធលាន់ឮខ្លាំងជាងធម្មតា។

កងទ័ពអាកាសថៃ ក៏បានស្នើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តលើប្រតិបត្តិការរបស់កងកម្លាំងប្រដាប់អាវុធ ដោយអះអាងថា ខ្លួននឹងបន្តបំពេញភារកិច្ចតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីការពារសុវត្ថិភាពជូនប្រជាជន និងថែរក្សាសន្តិសុខជាតិឱ្យបានរឹងមាំ៕

Khcct banner

អត្ថបទទាក់ទង