អាម៉េរិក៖ វេទិកាជួញដូររូបិយប័ណ្ណគ្រីបតូធំជាងគេលើពិភពលោក Binance កំពុងព្យាយាមទាញយកមូលនិធិចំនួន ៦,៣ ពាន់លានដុល្លារ (៤,៧ ពាន់លានផោន) ត្រឡប់មកវិញ បន្ទាប់ពីត្រូវគេលួចក្នុងហេតុការណ៍វាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតដ៏ស្មុគស្មាញមួយ ដែលត្រូវបានចាត់ទុកថាជាករណីលួចទ្រព្យសម្បត្តិឌីជីថលដ៏ធំបំផុតមិនធ្លាប់មាន។ ក្រុមហ៊ុនបានរកឃើញនិងការពារទ្រព្យសម្បត្តិឌីជីថលចំនួន ៣ ពាន់លានដុល្លារទុកវិញហើយ ប៉ុន្តែទឹកប្រាក់ចំនួនធំទៀតនៅតែស្ថិតក្នុងដៃក្រុមហេគឃ័រដែលប្រើប្រាស់ «យន្តការបំផ្លាញខ្លួនឯង» ដើម្បីលុបដាន។
យោងតាមទីភ្នាក់ងារ BBC ក្រុមហ៊ុនសង្ស័យថាការលួចចូលនេះផ្ដើមចេញពីកុំព្យូទ័រយួរដៃរបស់វិស្វករម្នាក់ ប៉ុន្តែក្រោយមកបានរកឃើញថាវាមានវិសាលភាពធំជាងនេះ។ ក្រុមហ៊ុនវិភាគ TRM Labs, Chainalysis និងទីភ្នាក់ងារសន្តិសុខអាម៉េរិក (US Secret Service និង FBI) បានសង្ស័យយ៉ាងខ្លាំងថា ការវាយប្រហារនេះគឺជាស្នាដៃរបស់ក្រុមហេគឃ័រប្រទេសកូរ៉េខាងជើង ដែលប្រើប្រាស់ឧក្រិដ្ឋកម្មអ៊ីនធឺណិតដើម្បីស្វែងរកថវិកាជូនរដ្ឋ។ ទន្ទឹមនឹងនេះ Binance បានបញ្ជាក់ថាខ្លួនកំពុងសហការយ៉ាងសកម្មជាមួយ FBI ដើម្បីតាមដាន និងបង្កកមូលនិធិដែលត្រូវបានលួចនោះ។
ក្រុមហ៊ុន Binance បានប្រកាសថាខ្លួនបាន «បម្រុងទុក» មូលនិធិក្រុមហ៊ុនជាង ៦,៣៤ ពាន់លានដុល្លារ និងកំពុងទិញយកប្រភេទរូបិយប័ណ្ណគ្រីបតូផ្សេងៗទៀតដើម្បីទប់ទល់ជាការខាតបង់ដ៏ធំធេងនេះ ក្រុមហ៊ុនបានបញ្ជាក់ថាពេលនេះ ប្រាក់របស់អតិថិជនមានសុវត្ថិភាព ហើយក្រុមហ៊ុននឹងទទួលខុសត្រូវលើរាល់ការបាត់បង់ទាំងអស់។
អ្នកជំនាញទីផ្សារនិងផ្នែកច្បាប់បានបង្ហាញក្តីបារម្ភ និងប្រៀបធៀបស្ថានភាពនេះទៅនឹងវិបត្តិក្រុមហ៊ុន FTX ឆ្នាំ ២០២២ ដោយព្រមានអតិថិជនកុំឱ្យសន្និដ្ឋានថាការសន្យារបស់ Binance គឺជាកាតព្វកិច្ចផ្លូវច្បាប់រឹងមាំ ដោយសារវេទិកានេះបច្ចុប្បន្នកំពុងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងពីសំណាក់អាជ្ញាធរនិយតកម្មអន្តរជាតិ៕