Khmer suport khmer cc time

បក្សកុម្មុយនីស្តចិន ប្តេជ្ញាពង្រឹងវិន័យបក្សនឹងតាមកម្ចាត់មន្រ្តីពុករលួយ ក្នុងកិច្ចប្រជុំពេញអង្គលើកទី ៥

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ប៉េកាំង៖ កិច្ចប្រជុំពេញអង្គលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ដែលដឹកនាំដោយលោកអគ្គលេខាធិការបក្សលោក ស៊ី ជីនពីង បានបិទបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីដំណើរកាសិក្សា និងពិភាក្សាយ៉ាងសកម្មរយៈពេល ៤ ថ្ងៃ។ នៅក្នុងកិច្ចប្រជុំដ៏សំខាន់នេះ អង្គប្រជុំបានអនុម័ត សេចក្តីសម្រេចស្តីពីការបន្តអនុវត្តការគ្រប់គ្រងខ្លួនឯងក្នុងបក្សប្រកបដោយភាពពេញលេញ និងតឹងរ៉ឹង ដោយការពង្រឹងបក្សគឺជាយុទ្ធសាស្ត្រស្នូលដើម្បីធានាការគ្រប់គ្រងអំណាចរយៈពេលវែង និងការស្តារឡើងវិញនូវភាពរុងរឿងរបស់ជាតិ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចិន កិច្ចប្រជុំបានសម្រេចកំណត់រៀបចំមហាសន្និបាតជាតិលើកទី ២១ របស់បក្សនៅទីក្រុងប៉េកាំង ក្នុងឆមាសទីពីរនៃឆ្នាំ ២០២៧។ ជាមួយគ្នានេះ គណៈកម្មាធិការមជ្ឈិមបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលកន្លងមកក្នុងការលុបបំបាត់គ្រោះថ្នាក់ធ្ងន់ធ្ងរ និងបញ្ហាឫសគល់ក្នុងបក្ស រដ្ឋ និងកងទ័ព ព្រមទាំងបានដោះស្រាយបញ្ហាប្រឈមមួយចំនួន។ ដើម្បីប្រឈមមុខនឹងស្ថានភាពសកលលោក និងជាតិដ៏ស្មុគស្មាញ បក្សបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយយ៉ាងម៉ឺងម៉ាត់ ដោយបង្កើនការគ្រប់គ្រងមន្ត្រីលើគ្រប់វិស័យ (អប់រំ ជ្រើសរើស និងត្រួតពិនិត្យ) ធានាថាមន្ត្រី «មិនហ៊ាន មិនមានឱកាស និងមិនមានបំណង» ប្រព្រឹត្តអំពើពុករលួយ។

បន្ថែមពីនេះ គណបក្សកុម្មុយនិស្តចិន បានសម្រេចតែងតាំងលោក Zhang Shengmin អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម ឱ្យកាន់តំណែងជាសមាជិកការិយាល័យនយោបាយ នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី៥ អាណត្តិទី២០ ដែលបានបិទបញ្ចប់នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ដែលនេះជាលើកដំបូងក្នុងរយៈពេល ៣២ឆ្នាំ ដែលបក្សកុម្មុយនិស្តចិនបានបន្ថែមសមាជិកការិយាល័យនយោបាយនៅពាក់កណ្តាលអាណត្តិ៕

Khcct banner

អត្ថបទទាក់ទង