តាក៖ ស្ត្រីជាតិថៃម្នាក់បានរងរបួសដោយសារអម្បែងគ្រាប់ បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងក្តៅគគុកពីសំណាក់ក្រុមផ្ដាច់ខ្លួនការ៉ែន ជាមួយយោធារដ្ឋាភិបាលមីយ៉ាន់ម៉ា បានបង្កការផ្ទុះផ្លាតមកប៉ះផ្ទះមួយខ្នងនៅក្បែរព្រំដែនថៃ ក្នុងស្រុក Mae Sot ខេត្ត Tak។ ជាការឆ្លើយតបភ្លាមៗ កងកម្លាំងយោធាថៃបានបើកការបាញ់កាំភ្លើងព្រមានទៅតាមខ្សែបន្ទាត់ព្រំដែន។
យោងតាមការចេញផ្សាយរបស់កាសែតខាវស៊ត ជនរងគ្រោះត្រូវបានគេអត្តសញ្ញាណថា មានឈ្មោះ Lamyong Nala អាយុ ៥៥ឆ្នាំ បានរងរបួសដោយសារអម្បែងគ្រាប់ផ្លោង ខណៈពេលដែលលោកស្រីកំពុងជ្រកកោននៅក្នុងផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិ Ban Huai Mahawong ឃុំ Mahawan ស្រុក Mae Sot។ ភ្លាមៗនោះ លោកស្រីត្រូវបានបញ្ជូនទៅសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យ Mae Sot ខណៈសំឡេងផ្ទុះអាវុធបានបង្កការភ័យខ្លាចយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ធ្វើឱ្យពួកគេនាំគ្នាភៀសខ្លួនចេញពីតំបន់ប្រឈមគ្រោះថ្នាក់ជាប្រញាប់។
យោងតាមសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋានថៃ ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លានេះ បានកើតឡើងនៅជិតភូមិ Min La Pa ក្នុងក្រុង Myawaddy រដ្ឋ Karen ប្រទេសមីយ៉ាន់ម៉ា ដែលស្ថិតនៅទល់មុខគ្នានឹងសហគមន៍ព្រំដែនថៃ។ កងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា ត្រូវបានគេរាយការណ៍ថា បានចល័តកម្លាំងជាច្រើន ដើម្បីបិទខ្ទប់ និងវាយលុកចូលភូមិខាងលើ។ កងកម្លាំងពិសេសថៃបានបើកការបាញ់កាំភ្លើងព្រមានភ្លាមៗ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់តាមវិធាននៃការប្រយុទ្ធ (ROE) ដើម្បីការពារអធិបតេយ្យភាព។
កងកម្លាំងពិសេសថៃបានសម្របសម្រួលជាមួយអាជ្ញាធរស្រុក Mae Sot, នគរបាលការពារព្រំដែន និងក្រុមសន្តិសុខភូមិ ដើម្បីពង្រឹងសន្តិសុខ ការពារសុវត្ថិភាពប្រជាពលរដ្ឋ និងឈរជើងល្បាតការពារព្រំដែន ២៤ម៉ោង លើ ២៤ម៉ោង៕