Khmer suport khmer cc time

ចិន តែងតាំងអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមថ្មីជាសមាជិកការិយាល័យនយោបាយ ខណៈមន្ត្រីជាន់ខ្ពស់មានអំណាច៣៣នាក់ត្រូវបណ្តេញចេញពីបក្ស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ប៉េកាំង៖ គណបក្សកុម្មុយនិស្តចិន បានសម្រេចតែងតាំងលោក Zhang Shengmin អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម ឱ្យកាន់តំណែងជាសមាជិកការិយាល័យនយោបាយ នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី៥ អាណត្តិទី២០ ដែលបានបិទបញ្ចប់នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ។ នេះជាលើកដំបូងក្នុងរយៈពេល ៣២ឆ្នាំ ដែលបក្សកុម្មុយនិស្តចិនបានបន្ថែមសមាជិកការិយាល័យនយោបាយនៅពាក់កណ្តាលអាណត្តិ។ កិច្ចប្រជុំក៏បានអនុម័តផ្លូវការលើការបណ្តេញមន្ត្រីជាន់ខ្ពស់ចំនួន ៣៣នាក់ ចេញពីបក្ស ក្នុងនោះរួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui, អតីតអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម លោក Zhang Youxia និងអតីតប្រធានអគ្គសេនាធិការដ្ឋានចម្រុះ លោក Liu Zhenli ខណៈសមាជិកបម្រុងចំនួន ១០នាក់ ត្រូវបានដំឡើងជាសមាជិកពេញសិទ្ធិជំនួសវិញ។

ចំណុចគួរឱ្យកត់សម្គាល់បំផុតក្នុងព្រឹត្តិការណ៍នយោបាយនេះ គឺវត្តមានសមាជិកចូលរួមកិច្ចប្រជុំមានត្រឹមតែ ២៧៩នាក់ ប៉ុណ្ណោះ ក្នុងចំណោមសមាជិកសរុប ៣៧៦នាក់ (ស្មើនឹង ៧៤,២%) ដែលជាអត្រាវត្តមានទាបបំផុតមិនធ្លាប់មាន ចាប់តាំងពីសម័យដឹកនាំរបស់លោក ម៉ៅ សេទុង មក។

ការធ្លាក់ចុះនៃវត្តមានសមាជិកយ៉ាងគំហុកនេះ ត្រូវបានគេមើលឃើញថា ជាផលប៉ះពាល់ដោយផ្ទាល់ពីយុទ្ធនាការប្រឆាំងអំពើពុករលួយ និងការរៀបចំសណ្តាប់ធ្នាប់វិន័យទ្រង់ទ្រាយធំ នៅក្នុងជួរមន្ត្រីបក្ស រដ្ឋាភិបាល និងកងទ័ពរបស់ចិន ដែលអ្នកវិភាគមើលឃើញថា នឹងធ្វើឱ្យការសម្រេចចិត្តក្នុងស្ថាប័នរដ្ឋ និងយោធា កាន់តែប្រមូលផ្តុំខ្លាំងលើការណែនាំដោយផ្ទាល់ពីថ្នាក់ដឹកនាំកណ្តាល។

នៅក្នុងឱកាសនោះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបង្ហាញរបាយការណ៍ការងារ និងបានអនុម័តឯកសារសំខាន់ៗ ស្តីពីការរឹតបន្តឹងវិន័យបក្ស ដោយលោកបានគូសបញ្ជាក់ថា សកម្មភាពបោសសំអាតអំពើពុករលួយនេះ បានជួយដោះស្រាយបញ្ហាប្រឈមធ្ងន់ធ្ងរ និងពង្រឹងសមត្ថភាពដឹកនាំរបស់បក្សឱ្យកាន់តែរឹងមាំ។

ជាចុងក្រោយ បក្សកុម្មុយនិស្តចិនបានប្រកាសជាផ្លូវការថា សមាជជាតិលើកទី២១ នឹងត្រូវរៀបចំឡើងនៅទីក្រុងប៉េកាំង ក្នុងឆមាសទី២ ឆ្នាំ២០២៧ ខាងមុខ ដើម្បីកំណត់ទិសដៅនយោបាយ និងជ្រើសរើសសមាសភាពថ្នាក់ដឹកនាំសម្រាប់អាណត្តិថ្មី៕

Khcct banner

អត្ថបទទាក់ទង