អាម៉េរិក៖ទស្សនាវដ្ដីព័ត៌មានដ៏ល្បីល្បាញរបស់អាម៉េរិក The Diplomat បានចេញផ្សាយអត្ថបទវិភាគស៊ីជម្រៅមួយ ពាក់ព័ន្ធជម្លោះព្រំដែនកម្ពុជា-ថៃកាលពីឆ្នាំ២០២៥ ដោយក្នុងបទវិភាគនោះ The Diplomat បានវាយតម្លៃថា កងទ័ពអាកាសភូមិន្ទថៃ (RTAF) បានរាយប្រព័ន្ធអាវុធ និងយុទ្ធោបករណ៍ទំនើបៗទ្រង់ទ្រាយធំ ក្នុងជម្លោះប្រដាប់អាវុធតាមព្រំដែនជាមួយកម្ពុជា និងបានវាយលុកជ្រៅក្នុងទឹកដីកម្ពុជាជាង១០០គីឡូម៉ែត្រ នៅខេត្តបាត់ដំបង ដែលជាយុទ្ធនាការប្រើប្រាស់កម្លាំងអាកាសធំបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គិតចាប់តាំងពីសម័យសង្គ្រាមវៀតណាម។
ក្នុងប្រតិបត្តិការផ្លូវអាកាសរបស់ថៃ បានបែងចែកជាពីរដំណាក់កាលសំខាន់ៗ គឺប្រតិបត្តិការ «Yuttha Bodin» ក្នុងខែកក្កដា និងប្រតិបត្តិការ «Sattawat» ក្នុងខែធ្នូ ឆ្នាំ២០២៥។ ក្នុងយុទ្ធនាការទាំងពីរនេះ ថៃបានចល័តយន្តហោះចម្បាំងសំខាន់ៗ រួមមាន F-16, JAS39 Gripen, F-5TH និង T-50TH រួមផ្សំជាមួយនឹងយន្តហោះបញ្ជា និង ប្រកាសអាសន្នតាមអាកាស Saab 340 Erieye ព្រមទាំងប្រព័ន្ធដ្រូនស៊ើបការណ៍ (ISTAR) ដើម្បីបើកការវាយប្រហារទម្លាក់គ្រាប់បែកសរុបជាង៣០តោន។
បើតាមThe Diplomat ការវាយប្រហារតាមអាកាសនេះ មិនត្រឹមតែផ្តោតលើទីបញ្ជាការ, ទីតាំងកាំភ្លើងធំ, និងឃ្លាំងរំសេវតាមបន្ទាត់ព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែថៃថែមទាំងបានបើកប្រតិបត្តិការវាយលុកជម្រៅជ្រៅ (Deep Strike) រហូតដល់ ១០០គីឡូម៉ែត្រ ចូលក្នុងទឹកដីកម្ពុជា ក្នុងខេត្តបាត់ដំបង ដើម្បីបំផ្លាញឃ្លាំងអាវុធយុទ្ធសាស្ត្រ។
កងទ័ពអាកាសថៃ បានបំពាក់កន្សោមសេនស័រ Sniper ATP និង Litening-III លើគ្រប់យន្តហោះចម្បាំងទាំងអស់ សម្រាប់ប្រមាញ់ និងកំណត់កូអរដោនេគោលដៅដីគោកយ៉ាងច្បាស់លាស់ ព្រមទាំងប្រើប្រាស់យន្តហោះ Saab 340 ELINT បើកការវាយប្រហារលើដែនអេឡិចត្រូនិក ដើម្បីស្កែន និងទប់ស្កាត់ប្រព័ន្ធរ៉ាដាការពារអាកាសរបស់កម្ពុជា មុនពេលបើកការវាយប្រហារ។
ទស្សនាវដ្ដី The Diplomat បានគូសបញ្ជាក់ថា ប្រព័ន្ធយុទ្ធភណ្ឌដែលថៃប្រើប្រាស់ គឺមានប្រភពចម្រុះ រួមមាន សហរដ្ឋអាម៉េរិក អ៊ីស្រាអែល កូរ៉េខាងត្បូង និង ការផលិតគ្រាប់បែក Mk. 82 ក្នុងស្រុកផ្ទាល់៕