Khmer suport khmer cc time

ចិន ប្រមូលអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវកំពូលៗពីជុំវិញពិភពលោក ចូលប្រទេសកាន់តែច្រើន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ប៉េកាំង៖ ប្រទេសចិន បាននិងកំពុងពង្រីកបណ្តាញកម្មវិធីទាក់ទាញអ្នកប្រាជ្ញ និងអ្នកជំនាញជិត ២០០ កម្មវិធីទាំងនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត ដោយផ្តល់ជូននូវប្រាក់រង្វាន់ជាសាច់ប្រាក់ កញ្ចប់ថវិកាស្រាវជ្រាវ ការអនុគ្រោះពន្ធ និងអត្ថប្រយោជន៍ពិសេសជាច្រើនទៀត ដើម្បីទាក់ទាញអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវជាន់ខ្ពស់ពីបរទេសឱ្យមកបម្រើការងារនៅក្នុងប្រទេសរបស់ខ្លួន។ យុទ្ធនាការនេះបានធ្វើឱ្យចំនួនអ្នកជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកំពូលៗនៅចិន ហក់ឡើងលើសសហរដ្ឋអាម៉េរិកជាលើកដំបូង។

តាមទិន្នន័យពីស្ថាប័ន Dongbi Data បានឱ្យដឹងថា ចំនួនអ្នកស្រាវជ្រាវកំពូលៗនៅក្នុងប្រទេសចិន បានកើនឡើងយ៉ាងគំហុកពី ១៨,៨០៥ នាក់ ក្នុងឆ្នាំ២០២០ ដល់ ៣២,៥១១ នាក់ ក្នុងឆ្នាំ២០២៤ ដែលជំរុញឱ្យចំណែកទីផ្សារអ្នកប្រាជ្ញសកលរបស់ចិន កើនឡើងពី ១៧% រហូតដល់ ២៨%។ ផ្ទុយទៅវិញ ចំនួនអ្នកប្រាជ្ញកំពូលៗនៅសហរដ្ឋអាម៉េរិក បានធ្លាក់ចុះពី ៣៦,៥៩៩ នាក់ មកត្រឹម ៣១,៧៨១ នាក់ ពោលគឺចំណែកទីផ្សារសកលបានធ្លាក់ចុះពីជិត ៣៣% មកត្រឹម ២៧% នៅក្នុងអំឡុងពេលដូចគ្នា។

តាមប្រភពព័ត៌មាន VN Express អត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ និងឧបករណ៍ស្រាវជ្រាវទំនើបៗ គឺជាកត្តាសំខាន់ដែលទាក់ទាញអ្នកមានទេពកោសល្យពីបរទេស។ លោកសាស្ត្រាចារ្យរង Shin Young-chul ជនជាតិកូរ៉េខាងត្បូង នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាភាគខាងត្បូង (SUSTech) ក្នុងក្រុងសិនជិន បានឱ្យដឹងថា លោកទទួលបានប្រាក់រង្វាន់ភ្លាមៗ (ប្រមាណ ៣៧,០០០ដុល្លារ) ប្រាក់ខែក្រោយបង់ពន្ធ ២៤០លានវ៉ុនក្នុងមួយឆ្នាំ(ប្រមាណ ១៨០,០០០ ដុល្លារ/ឆ្នាំ) ព្រមទាំងទទួលបានសិទ្ធិអាទិភាព ក្នុងការប្រើប្រាស់មីក្រូទស្សន៍អេឡិចត្រូនិក (Cryo-EM) តម្លៃ ៤.៥លានដុល្លារ ពីរដ្ឋាភិបាលចិន ខណៈនៅកូរ៉េខាងត្បូងមានឧបករណ៍បែបនេះត្រឹមតែ ៥គ្រឿងប៉ុណ្ណោះ សម្រាប់ប្រទេសទាំងមូល។

គួរកត់សម្គាល់ថាកញ្ចប់ថវិកាស្រាវជ្រាវ និងគោលនយោបាយប្រកួតប្រជែងរបស់ចិន ដោយទម្លាក់ទុនវិនិយោគលើ «ការស្រាវជ្រាវមូលដ្ឋានគ្រឹះ» (Fundamental Research) បានកើនឡើងស្ទើរតែទ្វេដង ពី ១៦.៥ប៊ីលានដុល្លារ ក្នុងឆ្នាំ២០១៨ ដល់ ៣១.៩ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២៣ ការហូរចូលនៃអ្នកប្រាជ្ញមកកាន់ប្រទេសចិន គឺដោយសារភាពមិនប្រាកដប្រជានៃគោលនយោបាយ និងកាត់បន្ថយថវិកាស្រាវជ្រាវរបស់សហរដ្ឋអាម៉េរិក ព្រមទាំងការរឹតបន្តឹងការស៊ើបអង្កេតលើអ្នកប្រាជ្ញដើមកំណើតចិន ក្រោមយុទ្ធនាការ «China Initiative» ចាប់តាំងពីអាណត្តិទី១ រហូតដល់អាណត្តិទី២ របស់លោក ដូណាល់ ត្រាំ ដែលកត្តាទាំងនេះបានជួយពន្លឿនការហូរចូលនៃអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវល្បីៗ មកកាន់ប្រទេសចិនវិញយ៉ាងគំហុក៕

Khcct banner

អត្ថបទទាក់ទង