ញូវយ៉ក៖ គេហទំព័រ និងប្រព័ន្ធដាក់ឯកសារតាមអេឡិចត្រូនិករបស់គណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធអាម៉េរិក (FEC) ត្រូវបានវាយប្រហារដោយក្រុមហេគឃ័រ ធ្វើឱ្យប្រព័ន្ធបណ្តាញគាំងមិនអាចដំណើរការបាន កាលពីយប់ថ្ងៃចន្ទ ទី២៦ ខែតុលា ពោលគឺត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ មុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិថ្ងៃទី៣ ខែវិច្ឆិកា ចូលមកដល់។ នេះបើយោងតាមការទម្លាយសារអ៊ីមែលផ្លូវការ និងការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ការវាយប្រហារតាមអ៊ីនធឺណិតដ៏កម្រនេះ បានកើតឡើងចំពេលដែលការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦ នេះ ត្រូវបានស្ថាប័ន AdImpact កត់ត្រាថាជា «ការបោះឆ្នោតដែលមានការចំណាយខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រអាម៉េរិក» រហូតដល់ ១១,២១ ពាន់លានដុល្លារ លើសកំណត់ត្រាឆ្នាំ២០២៤ ទៅទៀត។ អង្គការ OpenSecrets បានឱ្យដឹងថា ក្រុម "Super PACs" និងក្រុមជំនួយហិរញ្ញវត្ថុមិនច្បាស់លាស់ (Dark money groups) បានចាក់បញ្ជូលថវិកាយ៉ាងសន្ធឹកសន្ធាប់ជាមធ្យមជាង ៥០ លានដុល្លារក្នុងមួយថ្ងៃៗ នៅក្នុងដំណាក់កាលចុងក្រោយនេះ។ ការដាច់ដំណើរការប្រព័ន្ធអេឡិចត្រូនិករបស់ FEC បានរារាំងអង្គការនយោបាយនានាមិនអាចដាក់របាយការណ៍ចំណាយបន្ទាន់ក្នុងរយៈពេល ២៤ ម៉ោង និង ៤៨ ម៉ោងបានឡើយ ដែលធ្វើឱ្យសាធារណជន និងអ្នកបោះឆ្នោតខកខានក្នុងការដឹងអំពីប្រភព និងទំហំទឹកប្រាក់នៃការឃោសនាបោះឆ្នោត។
គណៈកម្មការ FEC បានបញ្ជាក់ថា ក្រុមការងារបច្ចេកវិទ្យា (IT) កំពុងខិតខំប្រឹងប្រែងដោះស្រាយ និងស្តារប្រព័ន្ធឡើងវិញ ខណៈរបាយការណ៍ចាស់ៗនៅតែអាចស្វែងរកបានធម្មតា។ ជាមួយគ្នានេះ អាជ្ញាធរបានគូសបញ្ជាក់ថា FEC ពុំមានតួនាទីគ្រប់គ្រងលើដំណើរការបោះឆ្នោតផ្ទាល់នោះទេ ដូច្នេះហេតុការណ៍នេះនឹងមិនប៉ះពាល់ដល់សិទ្ធិ ឬលទ្ធភាពរបស់ប្រជាពលរដ្ឋក្នុងការទៅបោះឆ្នោតឡើយ៕