ប៉េកាំង៖ អ្នកផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមចិនម្នាក់ ឬហៅថា Blogger ត្រូវបានដៃជើងរបស់ក្រុមឧក្រិដ្ឋជន Online Scams ចាប់ជំរឹត និងវាយសម្លាប់ នៅក្នុងប្រទេសចិន ក្រោយពីរូបគេរាយការណ៍តាមបណ្តាញសង្គមពីសកម្មភាពឆបោក Online Scams នៅអាស៊ីអាគ្នេយ៍។បច្ចុប្បន្នក្រុមជនល្មើសជាង១០ ត្រូវបានតុលាការចិនចេញសាលក្រមចុងក្រោយដោយសម្រេចកាត់ទោសប្រហារជីវិត និងខ្លះទៀតអនុវត្តទោសធ្ងន់ធ្ងរ។
យោងតាមសារព័ត៌មានចិន Jiemian News ចុះផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ បានរាយការណ៍ថា ជនរងគ្រោះមានឈ្មោះ Wu Kai គឺជា Blogger ដែលមានអ្នកតាមដានរាប់សែននាក់ និងធ្លាប់ផ្សព្វផ្សាយព័ត៌មានជាបន្តបន្ទាប់ អំពីសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ នៅតំបន់អាស៊ីអាគ្នេយ៍។
នៅខែសីហា ឆ្នាំ២០២៤ លោក Wu Kai ចេញផ្សាយព័ត៌មានចោទប្រកាន់លោក លីវ យិន អតីតប្រធានសភាពាណិជ្ជកម្ម អានហ៊ុយនៅកម្ពុជា ថាបានជាប់ពាក់ព័ន្ធនឹងសកម្មភាពល្បែងស៊ីសងខុសច្បាប់ ការផ្តល់ប្រាក់កម្ចីដោយប្រើអំពើហិង្សា ការគ្រប់គ្រងទីតាំងឆបោកអនឡាញ និង បទល្មើសផ្សេងៗ។ក្រោយចេញផ្សាយលោក លីវ យិន ចេញសេចក្តីថ្លែងការណ៍បដិសេធ ដោយអះអាងថា ជាព័ត៌មានមិនពិត និង មានចេតនាបង្ខូចកេរ្តិ៍ឈ្មោះលោក។
មិនបានប៉ុន្មានផង Blogger លោក Wu Kai បាត់ខ្លួន ហើយគណនីបណ្តាញសង្គមរបស់លោកក៏ឈប់ផ្សព្វផ្សាយព័ត៌មាន។ចុងក្រោយ ប៉ូលិសចិនរកឃើញថា លោកត្រូវបានក្រុមឧក្រិដ្ឋជនចាប់ជំរិត និងវាយធ្វើបាបរហូតដល់ស្លាប់បាត់បង់ជីវិត ដោយមានការបញ្ជាពីខាងក្រៅប្រទេស ជាមួយការផ្តល់ប្រាក់រង្វាន់ចំនួន ១លានយ័ន ឬប្រមាណ ១៤ម៉ឺនដុល្លារ ជាថ្នូរការសម្លាប់លោក Wu Kai។
តាមការស្រាវជ្រាវ ក្រុមជនល្មើសជាង ១០នាក់ ក្លែងខ្លួនជាមន្ត្រីប៉ូលិសចាប់លោកពីចំណតរថយន្ត ក្នុងខេត្តក្វាងទុង រួចដឹកទៅកាន់ទីតាំងផ្សេងៗ ដើម្បីវាយធ្វើបាប និងបង្ខំឱ្យលុបអត្ថបទដែលលោកបានផ្សព្វផ្សាយតាមបណ្តាញសង្គម។ក្នុងអំឡុងពេលឃុំខ្លួន ក្រុមជនល្មើសបានប្រើអំពើហិង្សាយ៉ាងធ្ងន់ធ្ងរ រួមទាំងវាយ និងទាត់ក្បាលជនរងគ្រោះរហូតដល់សន្លប់ មុនយកទៅបោះចោលនៅតំបន់ភ្នំមួយកន្លែង ក្នុងខេត្តជាំងស៊ី។
នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកភូមិបានប្រទះឃើញសាកសពលោក Wu Kai នៅលើភ្នំក្បែរផ្លូវមួយខ្សែ។ លទ្ធផលកោសល្យវិច័យបញ្ជាក់ថា លោកស្លាប់ដោយសាររបួសធ្ងន់ធ្ងរនៅក្បាល ដែលបណ្តាលឱ្យមានការហូរឈាមក្នុងខួរក្បាល។
ក្រោយការស៊ើបអង្កេត ប៉ូលិសចិន បានចាប់ខ្លួនជនពាក់ព័ន្ធជាបន្តបន្ទាប់។នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ តុលាការក្រុង Huizhou ខេត្តក្វាងទុង បានផ្តន្ទាទោសមេខ្លោងម្នាក់ឈ្មោះ Zhao Bing ប្រហារជីវិតដោយព្យួរអនុវត្តទោសរយៈពេល ២ឆ្នាំ។ចំណែកជនពាក់ព័ន្ធផ្សេងទៀត ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារពីជាង ១ឆ្នាំ រហូតដល់ ៨ឆ្នាំ តាមបទល្មើសរបស់ពួកគេ។
ចំណែកលោក លីវ យិន ត្រូវបានអាជ្ញាធរចិនចាប់ខ្លួន និងបញ្ជូនពីក្រៅប្រទេសត្រឡប់ទៅចិន កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។ប៉ូលិសចិន ប្រកាសថា លោក លីវ យិន ជាសមាជិកសំខាន់ម្នាក់នៃបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ដែលដឹកនាំដោយលោក Chen Zhi ស្ថាបនិកក្រុមហ៊ុន Prince Group នៅកម្ពុជា។ លោកត្រូវបានសង្ស័យថា ពាក់ព័ន្ធនឹងបទល្មើសល្បែងស៊ីសងអនឡាញ ការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ការឃុំខ្លួនមនុស្សខុសច្បាប់ និងការប្រើអំពើហិង្សា។
តែយ៉ាងណាក្តី តុលាការចិន មិនទាន់បញ្ជាក់ថា លោក លីវ យិន ជាអ្នកបញ្ជាឱ្យចាប់ជំរិត ឬសម្លាប់លោក Wu Kai នោះទេ៕