ស៊ីអាន៖ ករណីជម្លោះព្រំប្រទល់ដីធ្លីដ៏កម្រ និងគួរឱ្យភ្ញាក់ផ្អើលមួយរវាងគ្រួសារអ្នកជិតខាងពីរ គឺត្រកូល Du និងត្រកូល Zhang នៅក្នុងស្រុក Yanta ទីក្រុង Xian ខេត្ត Shaanxi ប្រទេសចិន ត្រូវបានតុលាការ និងអាជ្ញាធរមូលដ្ឋានដោះស្រាយបញ្ចប់ដោយជោគជ័យ បន្ទាប់ពីគ្រួសារទាំងពីរបានឈ្លោះប្រកែកគ្នាលើបញ្ហានេះអស់រយៈពេលជាង ២ សតវត្សរ៍ (២០០ ឆ្នាំ) ឆ្លងកាត់ច្រើនជំនាន់ តាំងពីសម័យអធិរាជ ឈៀនឡុង (Qianlong) នៃរាជវង្សឈីង (Qing) មកម្ល៉េះ។
យោងតាម South China Morning Post ជម្លោះព្រំដីនេះបានបង្កជាការប៉ះទង្គិចពាក្យសម្តី និងរាងកាយជាញឹកញាប់ ជាពិសេសក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយ នៅពេលគ្រួសារត្រកូល Du ព្យាយាមជួសជុលផ្ទះបាយ និងសាងសង់ជញ្ជាំងឱ្យខ្ពស់ឡើង ហើយគ្រួសារត្រកូល Zhang បានជំទាស់ដោយសារបារម្ភពីពន្លឺ និងប្រព័ន្ធបង្ហូរទឹក។ ក្នុងអំឡុងពេលនៃការសម្របសម្រួល គ្រួសារត្រកូល Zhang បានបង្ហាញភស្តុតាងជាឯកសារកម្មសិទ្ធិដីធ្លីចាស់បុរាណមួយតាំងពីឆ្នាំ ១៧៨១ (ឆ្នាំទី ៤៦ នៃរជ្ជកាលអធិរាជ ឈៀនឡុង) ដែលមានព្រំប្រទល់កំណត់មិនច្បាស់លាស់។ តុលាការមិនពឹងផ្អែកលើប្លង់ចាស់នោះទេ ប៉ុន្តែបានសម្របសម្រួលដោយលើកយកទស្សនវិជ្ជានៃលិខិតប្រវត្តិសាស្ត្ររបស់អតីតអ្នកប្រាជ្ញ Zhang Ying មកអប់រំ ដែលរំលឹកឱ្យភាគីទាំងសងខាងចេះ ថយមួយជំហាន និងទទួលយកកំណែច្បាប់ថ្មី។
បើតាមកាសែតដដែល ក្រោយមានការចុះវាស់វែងទីតាំងជាក់ស្តែងជាច្រើនលើកពីសំណាក់អាជ្ញាធរ គ្រួសារត្រកូល Du បានជួសជុលផ្ទះបាយដោយជោគជ័យ ខណៈគ្រួសារត្រកូល Zhang ក៏បានទទួលយកដំណោះស្រាយដោយសន្តិវិធី។ រឿងរ៉ាវដ៏វែងឆ្ងាយនេះបានក្លាយជាប្រធានបទក្តៅគគុកនៅលើបណ្តាញសង្គម ដោយអ្នកប្រើប្រាស់អ៊ីនធឺណិតជាច្រើនបានបញ្ចេញមតិលេងសើចថា ទីតាំងដីនោះប្រហែលជាមាន «ហុងស៊ុយ» ល្អខ្លាំងណាស់ ទើបធ្វើឱ្យគ្រួសារទាំងពីរអាចរស់រានមានជីវិតឆ្លងកាត់ភាពវឹកវររាប់សតវត្សរ៍ ហើយនៅតែមានថវិកានិងកម្លាំងបន្តក្ដីក្តាំងជម្លោះគ្នាបានដល់ទៅ ២០០ ឆ្នាំបែបនេះ៕