Khmer suport khmer cc time

អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Yasuo Fukuda ទទួលមរណភាពក្នុងជន្មាយុ ៩០ ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Yasuo Fukuda

តូក្យូ៖ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Yasuo Fukuda បានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយសារជំងឺខ្សោយបេះដូង នៅមន្ទីរពេទ្យមួយក្នុងទីក្រុងតូក្យូ ក្នុងជន្មាយុ ៩០ ឆ្នាំ។ នេះបើយោងតាមការប្រកាសជាផ្លូវការពីកូនប្រុសរបស់លោកកាលពីថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦។ លោក Yasuo Fukuda ដែលត្រូវជាកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រី Takeo Fukuda ផងនោះ បានបង្កើតប្រវត្តិសាស្ត្រជប៉ុនក្លាយជាគូឪពុក និងកូនដំបូងគេដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រី។ លោកបានឡើងដឹកនាំប្រទេសក្នុងខែកញ្ញា ឆ្នាំ២០០៧ បន្ទាប់ពីការលាលែងពីតំណែងភ្លាមៗរបស់លោក Shinzo Abe មុនពេលលោកសម្រេចចិត្តលាលែងពីតំណែងវិញនៅខែកញ្ញា ឆ្នាំ២០០៨ ដោយសារសម្ពាធនយោបាយ និងសភាមានការបែកបាក់។

ក្នុងអំឡុងពេល និងក្រោយអាណត្តិដឹកនាំ លោក Fukuda ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយចំពោះការខិតខំពង្រឹងទំនាក់ទំនងការទូតយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ដោយបានទទួលស្វាគមន៍អតីតប្រធានាធិបតីចិន លោក Hu Jintao ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋកាលពីខែឧសភា ឆ្នាំ២០០៨ និងបានជួបពិភាក្សាឯកជនជាមួយប្រធានាធិបតីចិន លោក Xi Jinping កាលពីឆ្នាំ២០១៤ នៅទីក្រុងប៉េកាំង ដើម្បីត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំកំពូលលើកដំបូងរវាងលោក Shinzo Abe និងមេដឹកនាំចិន។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានសម្តែងការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅកាលពីថ្ងៃចន្ទ ដោយបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកជាប្រវត្តិសាស្ត្ររបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ ក្នុងការជំរុញ និងពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសចិន និងជប៉ុន ទាំងក្នុង និងក្រោយពេលចាកចេញពីតំណែង ដោយលោកបានដើរតួជាបណ្តាញទំនាក់ទំនងក្រៅផ្លូវការដ៏សំខាន់រវាងប្រទេសទាំងពីរ៕

Khcct banner

អត្ថបទទាក់ទង