អូគីណាវ៉ា៖ មូលដ្ឋានទ័ពអាកាសអាម៉េរិក Kadena (Kadena Air Base) លើកោះអូគីណាវ៉ា ប្រទេសជប៉ុន បានប្រកាសជាផ្លូវការកាលពីថ្ងៃទី ២៣ ខែតុលា ថា ខ្លួននឹងចាប់ផ្តើមអនុវត្តបម្រាមហាមឃាត់រថយន្តដែលផលិតដោយក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) ឈានមុខគេរបស់ចិន មិនឱ្យចូលក្នុងបរិវេណមូលដ្ឋានយោធាឡើយ ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ២៦ ខែតុលាតទៅ។ នេះជាលើកទីមួយហើយដែលយោធាអាម៉េរិកដាក់កម្រិតលើរថយន្តអគ្គិសនីចិននៅឯមូលដ្ឋានទ័ពក្រៅប្រទេស ដើម្បីទប់ស្កាត់ការលេចធ្លាយព័ត៌មានសម្ងាត់យោធា ដែលអាចកើតមានឡើងតាមរយៈកាមេរ៉ា ឧបករណ៍ចាប់សញ្ញា (Sensors) ប្រព័ន្ធ GPS និងប្រព័ន្ធបញ្ជាសំឡេងដែលបំពាក់នៅក្នុងរថយន្ត។ បុគ្គលិកសន្តិសុខនឹងត្រូវដាក់ពង្រាយនៅគ្រប់ច្រកចេញចូលដើម្បីរារាំងរថយន្ត BYD គ្រប់ប្រភេទ រួមទាំងរថយន្តផ្ទាល់ខ្លួន រថយន្តម៉ៅការ និងរថយន្តតាក់ស៊ី។
បើតាម The Telegraph ចំណាត់ការបង្ការទុកជាមុននេះ ត្រូវ បានធ្វើឡើងនៅលើមូលដ្ឋានទ័ពអាកាសអាម៉េរិកក្រៅប្រទេសដ៏ធំបំផុតមួយនេះ ដែលជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រសំខាន់ក្នុងតំបន់ប៉ាស៊ីហ្វិក និងបំពាក់ដោយប្រព័ន្ធមីស៊ីល Typhon យន្តហោះចម្បាំងបំបាំងកាយ F-22 និងយន្តហោះស៊ើបការណ៍ RC-135។ ការរឹតត្បិតនេះធ្វើឡើងដោយសាររថយន្ត EV ទំនើបៗ (ដូចជាម៉ូដែល BYD Sealion 7) ត្រូវបានគេប្រៀបប្រដូចទៅនឹង «ស្មាតហ្វូន» ដែលមានសមត្ថភាពប្រមូលទិន្នន័យរូបភាព និងសំឡេងជុំវិញខ្លួនបានភ្លាមៗ។ វិធានការនេះក៏ស្របទៅនឹងចំណាត់ការរបស់ប្រទេសដទៃទៀតដូចជា កងទ័ពប៉ូឡូញដែលបានហាមឃាត់យានយន្តផលិតនៅចិនចូលទីតាំងយោធាតាំងពីខែកុម្ភៈ និងកងទ័ពន័រវែសដែលកំពុងពិចារណាហាមឃាត់ ក្រោយរកឃើញថាកាមេរ៉ារថយន្តចិនបានថតសកម្មភាពហ្វឹកហ្វឺនយោធា។
គួរបញ្ជាក់ថា វិធានការរឹតត្បិតរថយន្តដោយសារសន្តិសុខនេះ ដើមឡើយត្រូវ បានផ្តើមអនុវត្តដំបូងដោយប្រទេសចិន តាំងពីឆ្នាំ ២០២១ មកម្ល៉េះ ដោយបានហាមឃាត់មិនឱ្យរថយន្ត Tesla របស់អាម៉េរិកចូលទៅជិតទីតាំងយោធា និងស្ថាប័នរដ្ឋសំខាន់ៗរបស់ខ្លួនឡើយ៕