តាកែវ៖ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានបង្ហាញពីក្តីរំពឹងខ្ពស់ពីការទទួលបានអ្នកវិនិយោគចូលក្នុងខេត្ត តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោ ហើយបើកផ្លូវដល់វិស័យដឹកជញ្ជូនកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងកម្មវិធីក្ដីសុបិនហ្វូណន បង្ហាញពីភាពទាក់ទាញឱកាសការវិនិយោគក្នុងខេត្ត។
ក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន លោក វ៉ី សំណាង បានចែករំលែកពីសក្ដានុពលរបស់ខេត្តតាកែវ ដោយភ្ជាប់ជាមួយគម្រោងព្រែកជីកហ្វូណនតេជោ ដែលដូចគម្រោងនឹងព្រែកជីកពីងលូ (Pinglu Canal) របស់ចិនប្រវែង ១៣៤គីឡូម៉ែត្រ ត្រូវចំណាយរហូតដល់ជាង ១១ពាន់លានដុល្លារ ខណៈកម្ពុជាចំណាយត្រឹមតែប្រមាណ ២ពាន់លានដុល្លារ ប៉ុណ្ណោះសម្រាប់ប្រវែង ១៥០គីឡូម៉ែត្រ។
បើតាមលោក វ៉ី សំណាង នៅពេលការសាងសង់គម្រោងព្រែកជីកហ្វូណនតេជោចប់ នឹងចូលរួមលើកកម្ពស់ការតភ្ជាប់ ពន្លឿនការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយបណ្តាប្រទេសដៃគូ បង្កើនភាពងាយស្រួល ព្រមទាំងកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូនទំនិញរវាងកម្ពុជា និងទីផ្សារអន្តរជាតិ។លោកថា នៅចុងខែវិច្ឆិកា ឆ្នាំ២០២៦ ការដ្ឋានចំនួន ១១ទីតាំងផ្សេងៗគ្នា នឹងបើកដំណើរការព្រមៗគ្នា សាងសង់ ព្រែកជីកហ្វូណនតេជោ៕