Khmer suport khmer cc time

លោក បារ៉ាក់ អូបាម៉ា រិះគន់លោក ដូណាល់ ត្រាំ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតពាក់កណ្តាលអាណត្តិ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាម៉េរិក លោក បារ៉ាក់ អូបាម៉ា បានចេញមុខរិះគន់រដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ យ៉ាងចាស់ដៃ ពាក់ព័ន្ធនឹងការកើនឡើងនៃតម្លៃទំនិញ ស្ថានភាពសេដ្ឋកិច្ច និងសង្គ្រាមនៅអ៊ីរ៉ង់ ក្នុងអំឡុងពេលលោកចុះយុទ្ធនាការឃោសនាបោះឆ្នោតគាំទ្រគណបក្សប្រជាធិបតេយ្យ នៅរដ្ឋអូហៃអូ និងរដ្ឋមីឈីហ្គែន កាលពីថ្ងៃសៅរ៍។ លោក អូបាម៉ា បានថ្លែងទៅកាន់អ្នកគាំទ្រនៅទីក្រុង Cleveland ដោយសង្កត់ធ្ងន់ថា ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅថ្ងៃទី ៣ ខែវិច្ឆិកា ខាងមុខនេះ គឺជាឱកាសដ៏សំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋក្នុងការបញ្ឈប់រយៈពេល ២ ឆ្នាំនៃ ភាពវឹកវរ ភាពឃោរឃៅ អំពើពុករលួយ និងភាពគ្មានសមត្ថភាព នៃរដ្ឋបាលបច្ចុប្បន្ន ព្រមទាំងបានចោទប្រកាន់លោក ត្រាំ ថាជាអ្នកទទួលខុសត្រូវផ្ទាល់ចំពោះការកើនឡើងថ្លៃជីវភាពរបស់អ្នកបោះឆ្នោត និងបានធ្វើឱ្យប្រទេសអ៊ីរ៉ង់ទទួលបាន សិទ្ធិវេតូ លើច្រកសមុទ្រហ័រមូសតាមរយៈជម្លោះយោធានាពេលថ្មីៗនេះ។

ឆ្លើយតបនឹងការរិះគន់នេះ នៅក្នុងការជួបជុំអ្នកគាំទ្រនៅរដ្ឋចកហ្សៀ លោក ដូណាល់ ត្រាំ បានការពារគោលនយោបាយសេដ្ឋកិច្ច អន្តោប្រវេសន៍ និងពន្ធគយរបស់លោក ដោយប្រកាសថា សហរដ្ឋអាម៉េរិកកំពុងស្ថិតនៅក្នុង «យុគសម័យមាស» ហើយរដ្ឋបាលរបស់លោកទទួលបានចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ពីពន្ធគយ។ លោក ត្រាំ ក៏បានសន្យាផ្តល់ប្រាក់ប្រកាសគាំទ្រចំនួន ៥.០០០ ដុល្លារដល់ជនជាតិអាម៉េរិកពេញវ័យម្នាក់ៗ ប្រសិនបើគណបក្សសាធារណរដ្ឋឈ្នះឆ្នោតគ្រប់គ្រងសភាទាំងពីរថ្នាក់ ព្រមទាំងបានវាយប្រហារលើគណបក្សប្រជាធិបតេយ្យជុំវិញនយោបាយអន្តោប្រវេសន៍។

ចំពោះជម្លោះនៅអ៊ីរ៉ង់ លោក ត្រាំ បានអះអាងថា លោកបានដោះស្រាយវាប្រកបដោយប្រសិទ្ធភាព ហើយមិនថាមានកិច្ចព្រមព្រៀងឬយ៉ាងណានោះទេ សហរដ្ឋអាម៉េរិកនឹងទទួលបានជ័យជម្នះ។ គួរបញ្ជាក់ថា ការបោះឆ្នោតមុនកាលកំណត់បានចាប់ផ្តើមរួចរាល់ហើយ ខណៈការបោះឆ្នោតពាក់កណ្តាលអាណត្តិនេះនឹងក្លាយជាកត្តាកំណត់ជោគវាសនានៃការគ្រប់គ្រងសភាអាម៉េរិក សម្រាប់អាណត្តិដែលនៅសល់របស់លោក ត្រាំ៕

Khcct banner

អត្ថបទទាក់ទង