Khmer suport khmer cc time

ចិន ផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំខេត្តចំនួន ៦ ក្នុងពេលតែមួយ និងបន្តរុះរើមន្រ្តីជាន់ខ្ពស់ជាបន្តបន្ទាប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ប៉េកាំង៖ ប្រទេសចិន កាលពីថ្ងៃទី២៤ ខែតុលា បានប្រកាសផ្លាស់ប្តូរថ្នាក់ដឹកនាំជាន់ខ្ពស់នៅតាមខេត្តចំនួន ៦ ក្នុងពេលតែមួយ លើខេត្តយូណាន ហ៊ូណាន ឈីងហៃ ហ្វូជៀន ហឺប៉ី និងជាំងស៊ី។ ក្នុងនោះ លោក Mo Gaoyi អាយុ ៦២ឆ្នាំ អតីតមន្ត្រីជាន់ខ្ពស់ផ្នែកឃោសនាការ ត្រូវបានតែងតាំងជាលេខាធិការបក្សខេត្តយូណាន ជំនួសលោក Wang Ning ខណៈលោក Wang Zhijun អាយុ ៦១ឆ្នាំ អតីតមន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សារដ្ឋចិន នឹងកាន់តំណែងជាលេខាធិការបក្សខេត្តហ៊ូណាន ជំនួសលោក Shen Xiaoming។ មន្ត្រីចំនួន ៦រូបផ្សេងទៀត ក៏ត្រូវបានតែងតាំងឱ្យដឹកនាំក្រុមបក្សក្នុងរដ្ឋបាលខេត្ត ទាំង ៦ នេះ ដែលតាមទម្លាប់រដ្ឋបាលចិន នឹងត្រូវឡើងកាន់តំណែងជាអភិបាលខេត្តផ្លូវការនាពេលខាងមុខ។

ការផ្លាស់ប្តូរមន្ត្រីទ្រង់ទ្រាយធំនេះ គឺជាផ្នែកមួយនៃចលនារៀបចំសណ្តាប់ធ្នាប់រដ្ឋបាលឡើងវិញយ៉ាងសកម្ម និងស៊ីជម្រៅពីសំណាក់បក្សកុម្មុយនីស្តចិន។ កាលពីខែកញ្ញាកន្លងទៅ ចិនក៏បានផ្ទេរ និងតែងតាំងលេខាធិការបក្សខេត្តសំខាន់ៗរួចមកហើយ រួមមាន លោក Li Lecheng នៅខេត្តអានហ៊ុយ លោក Zhou Zuyi នៅខេត្តហឺណាន លោក Zhao Long នៅខេត្តហ្វូជៀន និងលោក Hu Changsheng នៅតំបន់ស្វយ័តទីបេ។

គិតចាប់ពីដើមឆ្នាំ២០២៦ រដ្ឋាភិបាលចិនបានផ្លាស់ប្តូរលេខាធិការបក្សខេត្តសរុបចំនួន ១០រូប និងអភិបាលខេត្តចំនួន ១១រូប ដែលនៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់ចិន លេខាធិការបក្សគឺជាអ្នកកាន់អំណាចសម្រេចចិត្តខ្ពស់បំផុត ខណៈអភិបាលខេត្តទទួលខុសត្រូវលើការងារប្រតិបត្តិរដ្ឋបាល។

ក្រុមអ្នកវិភាគនយោបាយកត់សម្គាល់ថា ការផ្លាស់ប្តូរតំណែងទ្រង់ទ្រាយធំ ក្នុងរយៈពេល ២ខែចុងក្រោយនេះ បង្ហាញថា «កត្តាអាយុ» អាចលែងជាលក្ខខណ្ឌតឹងរ៉ឹងដូចមុនទៀតហើយក្នុងការដំឡើងតំណែងមន្ត្រី។ ចិន កំពុងតម្រង់ទិស និងផ្តល់អាទិភាពខ្លាំងលើសមត្ថភាពដឹកនាំពិតប្រាកដ ភាពស្មោះត្រង់ផ្នែកនយោបាយ និងប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តបទបញ្ជា និងគោលនយោបាយរបស់ថ្នាក់ដឹកនាំមជ្ឈិម៕

Khcct banner

អត្ថបទទាក់ទង