Khmer suport khmer cc time

ថៃ ថាការរចនាសម្លៀកបំពាក់ និងវប្បធម៌ក្នុងរឿង «Scarlet Heart Thailand» មិនបានលួចប្រពៃណីរបស់មីយ៉ាន់ម៉ាឡើយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

បាងកក៖ ក្រុមហ៊ុនផលិតភាពយន្តល្បីឈ្មោះរបស់ថៃ GMMTV បានចេញសេចក្តីថ្លែងការណ៍ផ្លូវការកាលពីថ្ងៃសៅរ៍ ទី២៤ ខែតុលា ដើម្បីឆ្លើយតប និងបំភ្លឺចំពោះក្តីកង្វល់របស់ទស្សនិកជនពាក់ព័ន្ធនឹងការរចនាសម្លៀកបំពាក់ និងធាតុសិល្បៈវប្បធម៌ដែលបានបង្ហាញនៅក្នុងរឿងភាគទន្ទឹងរង់ចាំ «Scarlet Heart Thailand»។ ក្រុមហ៊ុនបានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុង «Ullavee» (អ៊ុលឡាវី) គឺជារដ្ឋ ឬទីក្រុងប្រឌិតឡើងសុទ្ធសាធសម្រាប់សាច់រឿងនេះប៉ុណ្ណោះ ដោយក្រុមការងារបានធ្វើការស្រាវជ្រាវ និងទាញយកការបំផុសគំនិតពីភាពចម្រុះនៃប្រពៃណីសិល្បៈ និងវប្បធម៌ពីតំបន់ រួមមាន ជនជាតិឡានណា (Lanna) វប្បធម៌ថៃ វប្បធម៌ចិន និងជាពិសេសគឺ វប្បធម៌ប្រទេសមីយ៉ាន់ម៉ា មកច្នៃប្រឌិតបញ្ចូលគ្នាដើម្បីបង្កើតជាអត្តសញ្ញាណពិសេសរបស់ទីក្រុងក្នុងរឿង។ ការចេញបដិសេធនេះធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីពលរដ្ឋមីយ៉ាន់ម៉ាទាំងនោះ បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ដោយបានរួមគ្នាតវ៉ានៅលើបណ្តាញសង្គម X តាមរយៈការប្រើប្រាស់ Hashtag #RespectMyanmarCulture និង #ScarletHeartTH ដើម្បីទាមទារឱ្យក្រុមហ៊ុន GMMTV ចេញមុខទទួលខុសត្រូវ បកស្រាយឱ្យបានច្បាស់លាស់ជាផ្លូវការ និងផ្តល់ប្រភព (Credit) ឬការទទួលស្គាល់ឱ្យបានត្រឹមត្រូវចំពោះបេតិកភណ្ឌប្រពៃណីរបស់ពួកគេ។

យោងតាមសេចក្តីថ្លែងការណ៍របស់ GMMTV បានសង្កត់ធ្ងន់ថា ខ្លួនមានការកោតសរសើរយ៉ាងខ្លាំងចំពោះសម្រស់ និងលក្ខណៈពិសេសនៃសិល្បៈវប្បធម៌មីយ៉ាន់ម៉ា និងបណ្តាប្រទេសដទៃទៀត ដោយគ្មានចេតនាយកភាពច្នៃប្រឌិតទាំងនោះជាកម្មសិទ្ធិរបស់វប្បធម៌ថៃតែមួយនោះឡើយ។ ក្រុមហ៊ុនបានប្រកាសសុំអភ័យទោសស្មោះស្ម័គ្រចំពោះរាល់ក្តីកង្វល់ និងការជជែកដេញដោលគ្នាពីសំណាក់ទស្សនិកជន ដោយបានថ្លែងអំណរគុណចំពោះរាល់ការចែករំលែកទស្សនៈ និងឯកសារយោងនានា។ GMMTV បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះតម្លៃ និងប្រភពដើមនៃបេតិកភណ្ឌវប្បធម៌នីមួយៗ ដោយសន្យាថានឹងបន្តយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការផលិតស្នាដៃសិល្បៈដែលផ្តល់កិត្តិយស និងភាពត្រឹមត្រូវដល់វប្បធម៌ពាក់ព័ន្ធ។

គួររម្លឹកថាអ្នកជំនាញ និងអ្នកការពារវប្បធម៌មីយ៉ាន់ម៉ាបានពន្យល់ថា សម្លៀកបំពាក់ដែលលេចឡើងក្នុងរឿងភាគថៃមួយនេះ គឺជារចនាប័ទ្ម «Htain Mathein» ដែលជាឈុតព្រះរាជវាំងដ៏មានតម្លៃក្នុងសម័យរតនបុរៈ ឬយ៉ាដាណាបូន (Yadanabon Period ឆ្នាំ១៨៥៩–១៨៨៥) នៃរជ្ជកាលចុងក្រោយបង្អស់របស់មីយ៉ាន់ម៉ា។ ទោះបីជាមានការអះអាងថា សាច់រឿងអាចមានទំនាក់ទំនងប្រវត្តិសាស្ត្ររវាងអាណាចក្រឡានណា (ទីក្រុងឈៀងម៉ៃ បច្ចុប្បន្ននៅភាគខាងជើងថៃ) និងមីយ៉ាន់ម៉ា ប៉ុន្តែក្រុមអ្នកជំនាញបានគូសបញ្ជាក់ថា សម័យកាលដែលឡានណានៅក្រោមការគ្រប់គ្រងរបស់មីយ៉ាន់ម៉ា គឺជាសម័យតុងអ៊ូ (Toungoo Era ឆ្នាំ១៥១០–១៧៥២) មិនមែនសម័យយ៉ាដាណាបូន (សតវត្សរ៍ទី១៩) នោះឡើយ ដូច្នេះការយកឈុតប្រពៃណីផ្លូវការរបស់មីយ៉ាន់ម៉ាមកប្រើប្រាស់ដោយគ្មានការស្រាវជ្រាវត្រឹមត្រូវ គឺជាការខ្វះការគោរពយ៉ាងធ្ងន់ធ្ងរចំពោះអត្តសញ្ញាណ និងបេតិកភណ្ឌជាតិរបស់គេ៕

Khcct banner

អត្ថបទទាក់ទង