ប៉េកាំង៖ ភាពយន្តភាគខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិនដែលផលិតឡើងទាំងស្រុងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មានចំណងជើងថា «Sanxingdui: Future Past» បានចាប់ផ្តើមចាក់បញ្ចាំងជាផ្លូវការនៅក្នុងរោងភាពយន្តទូទាំងប្រទេសនៅថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ នេះ។ ភាពយន្តបែបវិទ្យាសាស្ត្ររន្ធត់ (sci-fi thriller) មួយនេះ គឺជាស្នាដៃផលិតរបស់ក្រុមហ៊ុន Bona Film Group ដោយប្រើប្រាស់ក្រុមការងារជិត ១០០ នាក់ និងចំណាយពេលផលិតជាង ២ ឆ្នាំ អស់ថវិកាជាង ១០ លានយន់ (ប្រមាណ ១,៥ លានដុល្លារអាម៉េរិក)។ ទោះបីជាត្រូវបានរៀបចំឱ្យមានការចាក់បញ្ចាំងរហូតដល់ទៅជាង ១០.០០០ ដងនៅថ្ងៃបើកឆាកដំបូងក៏ដោយ ប៉ុន្តែភាពយន្ត AI នេះត្រូវបានគេមើលឃើញថាជាការសាកល្បងដ៏លំបាកមួយសម្រាប់ទីផ្សារ ដោយសារតែការឆ្លើយតបពីសាធារណជនមានសភាពស្ងប់ស្ងាត់ខ្លាំងនិងទទួលបានការគាំទ្រតិចបំផុត។
យោងតាមទិន្នន័យពីវេទិកាលក់សំបុត្រ Maoyan ប្រាក់ចំណូលសរុបពីការលក់សំបុត្រមុនថ្ងៃចាក់បញ្ចាំង មានត្រឹមតែ ៦៥.០០០ យន់ (ប្រហែល ៩.៧០០ ដុល្លារ) ប៉ុណ្ណោះ ហើយប្រាក់ចំណូលសរុបត្រូវបានគេព្យាករណ៍ថានឹងនៅក្រោម ១០០.០០០ យន់ (១៥,០០០ដុល្លារ) ដែលជាតួលេខទាបបំផុតបើធៀបនឹងដើមទុនផលិត។
នៅក្នុងបទសម្ភាសន៍ជាបន្តបន្ទាប់ជាមួយប្រព័ន្ធផ្សព្វផ្សាយ Yuli លោក Jiang Defu នាយកប្រតិបត្តិនៃ Bona Film Group បានទទួលស្គាល់ថា ការឆ្លើយតបពីសាធារណជនមិនសូវមានភាពកក់ក្តៅនោះទេ ប៉ុន្តែលោកបានបញ្ជាក់ពីមោទនភាពថាក្រុមរបស់លោកជាក្រុមដំបូងគេដែលបានសាកល្បង ទទួលបានការអនុញ្ញាតចាក់បញ្ចាំងក្នុងរោង និងត្រូវបានវាយតម្លៃដោយទស្សនិកជន ដែលលោកចាត់ទុកថាជារឿងមិនងាយស្រួលនោះឡើយ។
បទសម្ភាសន៍ជាមួយទស្សនិកជន និងអ្នកជំនាញបានបង្ហាញពីការខកចិត្តជាច្រើន ដោយកញ្ញា Iris Yang ដែលបានចូលរួមមើលការចាក់បញ្ចាំងសាកល្បង បានលើកឡើងថានាងនឹងមិនចំណាយលុយទិញសំបុត្រមើលឡើយ លុះត្រាតែមាតិកា AI អាចផ្តល់បទពិសោធន៍មើលក្នុងរោងកុនបានល្អដូចភាពយន្តល្បីរឿង Avatar។ ស្របពេលជាមួយគ្នានេះ លោក Zhang Jun អ្នកដឹកនាំរឿងឯករាជ្យប្រើប្រាស់ AI បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ទស្សនិកជននឹងមិនព្រមចំណាយលុយទិញសំបុត្រមើលភាពយន្ត គ្រាន់តែដោយសារតែវាជាភាពយន្តដែលបង្កើតឡើងដោយ AI នោះទេ ខណៈដែលអ្នកប្រើប្រាស់នៅលើបណ្តាញ Weibo បានបញ្ជាក់ថា ប្រសិនបើភាពយន្តនេះដាក់ឱ្យទស្សនាដោយឥតគិតថ្លៃលើអនឡាញ ទើបអាចទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ៕