តៃប៉ិ៖ ទីកន្លែងនៅកោះតៃវ៉ាន់ស្ទើរតែទាំងមូលបានផ្អាកសកម្មភាពការងារ សាលារៀន និងទីផ្សារហិរញ្ញវត្ថុនៅថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ នេះ ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងការមកដល់នៃព្យុះទីហ្វុងឆាំពី «Champi» ដែលកំពុងបក់បោកខិតចូលមកជិតកោះតៃវ៉ាន់ ជាមួយកម្លាំងខ្យល់ប្រហែល ១៩១ គីឡូម៉ែត្រក្នុងមួយម៉ោង។ រដ្ឋបាលឧតុនិយមមជ្ឈិមតៃវ៉ាន់ (CWA) បានព្រមានថា ទោះបីជាព្យុះនេះបានថមថយឥទ្ធិពលបន្តិចក្តី ប៉ុន្តែដោយសារវាមានការគ្របដណ្តប់ធំទូលាយរហូតដល់ ៣២០ គីឡូម៉ែត្រ វានៅតែអាចបោកបក់ចូលប៉ះដីគោកដោយផ្ទាល់ ប្រសិនបើមានការប្រែប្រួលទិសដៅ ខណៈដែលឥទ្ធិពលខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់គំហុកជិត ១ ម៉ែត្រនៅតំបន់ភ្នំភាគខាងជើង អាចអូសបន្លាយពេលជិត ២ ថ្ងៃពេញ។
គិតត្រឹមថ្ងៃសុក្រនេះ ឥទ្ធិពលដើមទីនៃព្យុះទីហ្វុង «Champi» បានបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ៩៤ នាក់រងរបួសនៅតៃវ៉ាន់ ខណៈដែលអាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋជិត ១,៣00 នាក់ចេញពីតំបន់ភ្នំប្រឈមគ្រោះថ្នាក់។ នៅឯស្រុក Yilan ភាគឦសាន និងទីក្រុងកំពង់ផែ Suao កងទ័ពនិងអាជ្ញាធរមូលដ្ឋានបានដាក់ពង្រាយបាវខ្សាច់ ទូកសង្គ្រោះ និងយានយន្ត ដើម្បីត្រៀមប្រតិបត្តិការជួយសង្គ្រោះ។ លើសពីនេះ ក្រសួងដឹកជញ្ជូនតៃវ៉ាន់បានប្រកាសលុបចោលជើងហោះហើរក្នុងស្រុកចំនួន ២៦២ ជើង និងជើងហោះហើរអន្តរជាតិចំនួន ៦៦៩ ជើងសម្រាប់ថ្ងៃសុក្រនេះ។
តាមការព្យាករណ៍ ព្យុះទីហ្វុងនេះនឹងធ្វើដំណើរឆ្លងកាត់កោះ Yonaguni ជាដំបូង ដែលជាកោះមានមនុស្សរស់នៅស្ថិតនៅភាគខាងលិចបំផុតរបស់ប្រទេសជប៉ុន ក្នុងខេត្ត Okinawa៕