ប៉េកាំង៖ ក្រុមអវកាសយានិកចិនចំនួន ៣រូប នៅលើស្ថានីយអវកាសធៀនកុង (Tiangong) កាលពីថ្ងៃពុធ បានផ្ញើសារវីដេអូពិសេសមួយ ដើម្បីប្រារព្ធខួប ៩០ឆ្នាំ នៃជ័យជម្នះរបស់កងទ័ពក្រហមចិន ក្រោមពាក្យស្លោក«ដំណើរឆ្ពោះទៅមុខដ៏វែងឆ្ងាយ»(១៩៣៤-១៩៣៦)។ លោក ជូ យ៉ាងជូ (Zhu Yangzhu) មេបញ្ជាការបេសកកម្ម Shenzhou-23 រួមជាមួយសមាជិកក្រុមគឺលោក ចាង ជីយ័ន (Zhang Zhiyuan) និងកញ្ញា លី ជឺយីង (Li Jiaying) បានគូសបញ្ជាក់ថា ស្មារតីតស៊ូនៃបេសកកម្មប្រវត្តិសាស្ត្រនេះ គឺជាកម្លាំងចិត្តយ៉ាងសំខាន់សម្រាប់ពួកគេក្នុងការបំពេញបេសកកម្មអវកាសបច្ចុប្បន្ន។នេះបើយោងតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនCCTV+។
ក្នុងសារនោះ លោក ជូ យ៉ាងជូ បានរំលឹកថា កាលពី ៩០ឆ្នាំមុន កងទ័ពក្រហមបានពលីសាច់ស្រស់ឈាមស្រស់ឆ្លងកាត់ឧបសគ្គយ៉ាងវេទនាក្នុងចម្ងាយជាង ១២ ៥០០គីឡូម៉ែត្រ ដើម្បីរំដោះជាតិ។ លោក ចាង ជីយ័ន បានបន្ថែមថា រយៈពេល ៧០ឆ្នាំមកនេះ អ្នកជំនាញអវកាសចិនជាច្រើនជំនាន់បានបន្តស្មារតីនេះ ដោយបានអភិវឌ្ឍរ៉ុក្កែត «Long March» បាញ់បញ្ជូនទៅកាន់អវកាសជាបន្តបន្ទាប់។ ដោយឡែក កញ្ញា លី ជឺយីង ដែលជាអវកាសយានិកដំបូងគេមកពីតំបន់ហុងកុង បានសម្តែងក្តីរំភើបថា ស្មារតី Long March មិនដែលបាត់បង់ឡើយ គឺបានពង្រីកខ្លួនពីផែនដីទៅកាន់ចក្រវាល។
ស្ថិតនៅកម្ពស់ ៤០០គីឡូម៉ែត្រលើផែនដី ក្រុមអវកាសយានិកបានសម្តែងការគោរពយ៉ាងជ្រាលជ្រៅចំពោះបុព្វបុរស និងបានប្តេជ្ញាចិត្តបំពេញភារកិច្ចឱ្យបានសម្រេចជោគជ័យ។ គួរបញ្ជាក់ថា ក្រុមអវកាសយានិក Shenzhou-23 បានធ្វើដំណើរទៅដល់ និងចូលបម្រើការនៅលើស្ថានីយអវកាសតៀនគុង កាលពីចុងខែឧសភាកន្លងទៅ ដើម្បីបន្តបេសកកម្មស្រាវជ្រាវអវកាសរបស់ខ្លួន៕