អាម៉េរិក៖ ក្រសួងការបរទេសសហរដ្ឋអាម៉េរិកបានចេញបញ្ជាអាសន្នឱ្យបុគ្គលិករដ្ឋាភិបាលដែលមិនមែនជាបុគ្គលិកចាំបាច់សម្រាប់កិច្ចការបន្ទាន់ ព្រមទាំងសមាជិកគ្រួសារទាំងអស់ ចាកចេញពីស្ថានបេសកកម្មការទូតអាម៉េរិកនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតជាបន្ទាន់។ យោងតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា នេះអាម៉េរិកក៏មានគម្រោងដកសមាជិកគ្រួសារមន្ត្រីការទូតចេញពីស្ថានបេសកកម្មការទូតផ្សេងទៀតនៅក្នុងតំបន់រដ្ឋឈូងសមុទ្រផងដែរ។ ការសម្រេចចិត្តដកខ្លួនថយនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការកើនឡើងនូវការវាយប្រហារយ៉ាងខ្លាំងក្លាពីសំណាក់ក្រុមហ៊ូទី (Houthis) ដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន និងទទួលបានការគាំទ្រពីប្រទេសអ៊ីរ៉ង់ ទៅលើគោលដៅស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក Tommy Pigott បានបញ្ជាក់នៅលើបណ្តាញសង្គម X ថា ការបង្កើនសកម្មភាពអរិភាពរបស់ក្រុមហ៊ូទី បានបង្កការខូចខាត និងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ។ ក្នុងនោះ ការវាយប្រហារលើព្រលានយន្តហោះស៊ីវិលក្នុងទីក្រុង Dammam បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១ នាក់ស្លាប់ និង ៨ នាក់រងរបួស ខណៈការវាយប្រហារដោយយន្តហោះដ្រូនទៅលើតំបន់ប្រេងមួយកន្លែងបានសម្លាប់មនុស្ស ២ នាក់បន្ថែមទៀត ព្រមទាំងរំខានយ៉ាងធ្ងន់ធ្ងរដល់សេវាធ្វើដំណើរ និងពាណិជ្ជកម្មថាមពលសកល៕