Khmer suport khmer cc time

ក្រុមហ៊ុន CK Asset ចេញបំភ្លឺថាមហាសេដ្ឋីហុងកុង លោក លី កាស៊ីង មានសុខភាពល្អ ក្រោយលេចឮថាលោកទទួលមរណភាព

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ហុងកុង៖ ក្រុមហ៊ុន CK Asset Holdings បានចេញសេចក្តីប្រកាសបញ្ជាក់ថា មហាសេដ្ឋីហុងកុង លោក លី កាស៊ីង (Li Ka-shing) អាយុ ៩៨ ឆ្នាំ កំពុងមានសុខភាពល្អ ខុសពីពាក្យចចាមអារ៉ាមតាមបណ្តាញសង្គមថា លោកបានទទួលមរណភាព។

យោងតាមសេចក្តីប្រកាស ក្រុមហ៊ុន CK Asset Holdings បានគូសបញ្ជាក់ថា ថ្មីៗនេះមានគណនីបណ្តាញសង្គមមួយចំនួនបានប្រើប្រាស់រូបថតចាស់ និងរូបភាពក្លែងក្លាយ ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិតថា កូនប្រុសទាំងពីររបស់លោក លី កាស៊ីង បានទៅវត្តដើម្បីបួងសួង ដោយគ្មានវត្តមានឪពុក។តែតាមពិត រូបថតមួយចំនួនត្រូវបានថតតាំងពីឆ្នាំ២០១៩ ក្នុងពិធីសម្ពោធវត្តមួយនៅហុងកុង ដែលពេលនោះ លោក លី កាស៊ីង និងកូនប្រុសទាំងពីរបានចូលរួមជាមួយគ្នា។

ក្រុមហ៊ុន CK Asset បានថ្កោលទោសចំពោះការប្រឌិត និងផ្សព្វផ្សាយព័ត៌មានមិនពិត ដោយទាមទារឱ្យអ្នកពាក់ព័ន្ធលុបខ្លឹមសារទាំងនោះជាបន្ទាន់ ព្រមទាំងព្រមានថា ក្រុមហ៊ុនរក្សាសិទ្ធិចាត់វិធានការតាមផ្លូវច្បាប់។

គួរបញ្ជាក់ថា លោក លី កាស៊ីង ជាមហាសេដ្ឋីដ៏ល្បីល្បាញរបស់ហុងកុង កម្របង្ហាញខ្លួនជាសាធារណៈ បន្ទាប់ពីចូលនិវត្តន៍។ កាលពីថ្ងៃទី៨ ខែតុលា លោកបានបង្ហាញមុខតាមរយៈការហៅវីដេអូជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong៕

Khcct banner

អត្ថបទទាក់ទង