ថាញ់ហ័រ៖ សមត្ថកិច្ចខេត្តថាញ់ហ័រ (Thanh Hoa) ភាគកណ្តាលខាងជើងប្រទេសវៀតណាម កាលពីថ្ងៃពុធ បានសម្រេចចោទប្រកាន់មនុស្សចំនួន ៨៤នាក់ជាផ្លូវការ ក្នុងចំណោមជនសង្ស័យសរុប ១១៨នាក់ (ក្នុងនោះមានជនបរទេស ១១៣នាក់) ពាក់ព័ន្ធនឹងបទល្មើសឆបោកឆ្លងដែនតាមប្រព័ន្ធកុំព្យូទ័រ បណ្តាញទូរគមនាគមន៍ និងការរៀបចំឱ្យមានការចូលប្រទេសដោយខុសច្បាប់។ បើយោងតាមការចេញផ្សាយរបស់កាសែត Tuoi Tre News បណ្តាញឧក្រិដ្ឋកម្មដ៏ស្មុគស្មាញនេះ ត្រូវបានបំបែកបន្ទាប់ពីសមត្ថកិច្ចវៀតណាមបានបើកការឆែកឆេរនៅសណ្ឋាគារមួយកន្លែង ក្នុងសង្កាត់ង៉ីសើន (Nghi Son) ដោយបានរកឃើញក្រុមជនបរទេសចម្រុះជាតិសាសន៍កំពុងរស់នៅលាក់ខ្លួន និងមានឆ្មាំការពារយ៉ាងតឹងរ៉ឹង។
ផ្អែកលើលទ្ធផលស៊ើបអង្កេតបានឱ្យដឹងថា បណ្តាញឆបោកនេះដឹកនាំផ្ទាល់ដោយបុរសជនជាតិចិនអាយុ ៣៩ឆ្នាំឈ្មោះ ចាវ សៀវហ្វេង (Zhao Xuefeng) ដោយបានចាត់ចែងមនុស្សជាង ១០០នាក់ ឱ្យធ្វើប្រតិបត្តិការល្បិចកលឆបោកចម្រុះ រួមមាន ការវិនិយោគហិរញ្ញវត្ថុ ការបោកប្រាស់រូបិយប័ណ្ណឌីជីថល (Cryptocurrency) ការភ្នាល់កីឡា ការជ្រើសរើសពលករ និងការងារអនឡាញក្លែងក្លាយ។
គោលដៅនៃការឆបោករបស់ក្រុមនេះ គឺតម្រង់ទៅលើពលរដ្ឋនៅតៃវ៉ាន់ កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា សហរដ្ឋអាម៉េរិក និងចិនដីគោក។ សមាជិកភាគច្រើននៃក្រុមនេះធ្លាប់រស់នៅប្រទេសឡាវ ឬកម្ពុជា មុនពេលលួចចូលប្រទេសវៀតណាមដោយខុសច្បាប់ ព្រមទាំងនាំចូលឧបករណ៍កុំព្យូទ័រ និងទូរគមនាគមន៍ប្រើប្រាស់រួចជាច្រើនគ្រឿងដើម្បីធ្វើសកម្មភាព។
ក្នុងចំណោមជនសង្ស័យទាំង ១១៨នាក់ដែលត្រូវបានចាប់ខ្លួន មានជនជាតិចិន ៧៤នាក់ ឥណ្ឌា ២៨នាក់ កម្ពុជា ៩នាក់ ម៉ាឡេស៊ី ១នាក់ ភូមា ១នាក់ និងជនជាតិវៀតណាម ៥នាក់ ដោយក្នុងនោះមាន ១៨នាក់បានលួចចូលស្រុកខុសច្បាប់ និងម្នាក់ជាមុខសញ្ញាកំពុងតាមចាប់ខ្លួនពីអាជ្ញាធរបរទេស។ បច្ចុប្បន្ន ស្នងការដ្ឋាននគរបាលខេត្តថាញ់ហ័រ បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសន្តិសុខសាធារណៈ និងនាយកដ្ឋានជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យាជាន់ខ្ពស់ ដើម្បីដកហូតវត្ថុតាងឧបករណ៍អេឡិចត្រូនិកជាច្រើន និងកំពុងបន្តពង្រីកការស៊ើបអង្កេតលើបណ្តាញឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាឆ្លងដែននេះបន្ថែមទៀត៕