ដុងណៃ៖ កម្លាំងនគរបាលខេត្តដុងណៃ (Dong Nai) ភាគខាងត្បូងប្រទេសវៀតណាម បានចាប់ខ្លួន និងចោទប្រកាន់ជនសង្ស័យចំនួន ៩នាក់ ពាក់ព័ន្ធនឹងសកម្មភាពប្រមូល កាប់ និងលក់សាច់ជ្រូកឈឺ និងជ្រូកងាប់ប្រមាណ ៤០០តោន សម្រាប់ចែកចាយលើទីផ្សារចាប់តាំងពីឆ្នាំ២០២៤ ដោយប្រមូលផលចំណេញខុសច្បាប់បានជាង ១០ប៊ីលានដុង (ជិត ៣៨៧,០០០ ដុល្លារអាម៉េរិក)។
កាសែតវៀតណាម tuoi Tre News បានរាយការណ៍ថា ប្រតិបត្តិការស៊ើបអង្កេតចាប់ផ្តើមតាំងពីខែកញ្ញា នៅពេលប៉ូលិសវៀតណាម រកឃើញបណ្តាញដឹកជញ្ជូន និងកាប់ជ្រូកងាប់ រហូតឈានដល់ការចុះឆ្មក់ឆែកឆេរទីតាំងចំនួន ៥កន្លែង កាលពីថ្ងៃទី៥ ខែតុលា ដោយដកហូតបានសាច់ជ្រូកងាប់មានផ្ទុកវីរុសបេស្តជ្រូកអាហ្វ្រិក (African swine fever) ប្រមាណ ៧តោន ព្រមទាំងវត្ថុតាងមួយចំនួនទៀត។
សាច់ជ្រូកងាប់ទាំងនោះ ត្រូវបានលក់ឱ្យអាជីវករឈ្មោះ ង្វៀន ធីធូភឿង (Nguyen Thi Thu Phuong) ក្នុងតម្លៃពី ២៥,០០០ ទៅ ៤០,០០០ ដុង (ប្រមាណ ០.៩៦ ដល់ ១.៥៤ ដុល្លារ) ក្នុងមួយគីឡូ ហើយអាជីវកររូបនេះបានយកទៅលក់បន្តឱ្យអ្នកប្រើប្រាស់ក្នុងតម្លៃពី ៣៥,០០០ ទៅ ៥៥,០០០ ដុង។ អាជីវករម្នាក់ទៀតឈ្មោះ ផាម ធីហាន់ (Pham Thi Han) បានទិញសាច់នេះទៅធ្វើជាប្រហិតសាច់ជ្រូកលក់លើទីផ្សារ ទោះដឹងច្បាស់ថា ជាសាច់ជ្រូកឈឺ និងជ្រូកងាប់។ ក្រៅពីសាច់ ក្រុមជនបង្កទាំងនេះ ក៏បានយកស្បែក និងខ្លាញ់ជ្រូកងាប់ទៅកែច្នៃលក់ឱ្យអ្នកប្រើប្រាស់បន្តដើម្បីច្នៃជាមួយអាហារផ្សេងៗ។
បច្ចុប្បន្ន សមត្ថកិច្ចវៀតណាម កំពុងបន្តពង្រីកការស៊ើបអង្កេត ដើម្បីស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀតយកមកផ្តន្ទាទោសតាមច្បាប់៕