ឡុងដ៍៖ ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបដ៏ធំរបស់វៀតណាម VietJet Aviation ត្រូវបានតុលាការជាន់ខ្ពស់នៃចក្រភពអង់គ្លេសចេញដីកា «បង្កកទ្រព្យសម្បត្តិជាសកល» (Global Asset Freeze) បន្ទាប់ពីក្រុមហ៊ុននេះបានបដិសេធជាបន្តបន្ទាប់ក្នុងការទូទាត់បំណុលជិត ២៥០លានដុល្លារអាម៉េរិក ឱ្យទៅក្រុមហ៊ុនវិនិយោគ FW Aviation ក្នុងទីក្រុងឡុងដ៍។
យោងតាមការចេញផ្សាយរបស់កាសែត The Strait Times ចៅក្រមតុលាការជាន់ខ្ពស់ លោក Pushpinder Sani បានសម្រេចចេញដីកានេះ កាលពីថ្ងៃទី១៥ ខែតុលា ដោយសារបារម្ភថា VietJet អាចនឹងព្យាយាមលាក់បាំង ឬផ្ទេរទ្រព្យសម្បត្តិរបស់ខ្លួន។ចៅក្រមបានគូសបញ្ជាក់ថា ផលប៉ះពាល់ដល់ប្រតិបត្តិការហោះហើរដែលកើតមានឡើង គឺបណ្តាលមកពីការរឹងរូសមិនព្រមសងបំណុលរបស់ VietJet ផ្ទាល់ មិនមែនមកពីកង្វះខាតលទ្ធភាពហិរញ្ញវត្ថុនោះឡើយ។
ដីកាហាមឃាត់នេះមានវិសាលភាពគ្របដណ្តប់លើទ្រព្យសម្បត្តិរហូតដល់ ២៥១,៦លានដុល្លារ រួមមានកងយន្តហោះជួលបច្ចុប្បន្ន និងកម្ចីបញ្ជាទិញយន្តហោះថ្មីៗដែលមិនទាន់ទទួលបាន (ដូចជាម៉ូឌែល Airbus A330-900 និង A321neo) ព្រមទាំងបរិក្ខារក្នុងកាប៊ីន ម៉ាស៊ីនយន្តហោះ Rolls-Royce ប្រាក់កក់មុនការប្រគល់ ប្រាក់បម្រុងថែទាំ និងចំណូលបានមកពីការលក់សំបុត្រពីភ្នាក់ងារនានា។
តាមប្រភពព័ត៌មាន VietJet អាចបន្តប្រតិបត្តិការអាជីវកម្មធម្មតាបាន ប៉ុន្តែត្រូវការការអនុញ្ញាតពីតុលាការជាមុន ប្រសិនបើចង់ចាត់ចែងលើបញ្ជាទិញយន្តហោះ និងប្រាក់បម្រុងថែទាំដែលតម្កល់នៅក្រៅប្រទេសវៀតណាម។
គួររម្លឹកថា ទំនាស់នេះកើតចេញពីករណី VietJet ឈប់បង់ថ្លៃជួលយន្តហោះ Airbus ៤គ្រឿង តាំងពីសម័យកូវីដ-១៩ ប៉ុន្តែនៅតែបន្តប្រកបអាជីវកម្មហោះហើរជិត ១ឆ្នាំ រហូតធ្វើឱ្យប្រាក់បំណុលដើម ១៨០លានដុល្លារ កើនឡើងដល់ ២៥០លានដុល្លារ ដោយសារការប្រាក់ និងថ្លៃមេធាវី។ តុលាការអង់គ្លេសក៏បានរកឃើញទៀតថា VietJet បានលួចផ្ទេរតម្លៃបញ្ជាទិញយន្តហោះទៅឱ្យក្រុមហ៊ុនស្រមោល (Shell Company) នៅកោះខេមែន (Cayman Islands) ដើម្បីលាក់បាំងទ្រព្យសម្បត្តិជាង ១ឆ្នាំ។ទោះជាតុលាការវៀតណាមបដិសេធមិនទទួលស្គាល់សាលក្រមបរទេសនេះក្តី ភាគីដើមចោទ FitzWalter បានស្វាគមន៍ការសម្រេចចិត្តរបស់តុលាការអង់គ្លេស និងបានចាត់តាំងក្រុមហ៊ុន Alvarez & Marsal ជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិ (Receivers) នៅក្រៅស្រុក ដើម្បីតាមទារប្រាក់មកវិញ ខណៈក្រុមហ៊ុន VietJet បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយឡើយ៕