ចិន៖ ទីក្រុងប៉េកាំងបានចេញមុខឆ្លើយតប និងព្រមានចាត់វិធានការសងសឹកកាលពីថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) បានដាក់ចេញនូវសេចក្តីជូនដំណឹងផ្លូវការ បញ្ជាឱ្យគ្រប់ទីភ្នាក់ងាររដ្ឋាភិបាលស៊ីវិលអាម៉េរិកទាំងអស់ លុប និងដកចេញនូវផលិតផល សេវាកម្ម ក៏ដូចជាកម្មវិធីរបស់ភាគីទីបីណាដែលអភិវឌ្ឍឡើងដោយប្រើប្រាស់បច្ចេកវិទ្យា AI របស់ក្រុមហ៊ុនចិន DeepSeek ចេញពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (IT) របស់ខ្លួនជាបន្ទាន់។
បទបញ្ជានេះដែលត្រូវបានពង្រឹងបន្ថែមពីលើបម្រាមទិញទំនិញមួយចំនួនរបស់ចិនកាលពីចុងខែកក្កដា ត្រូវបានអាជ្ញាធរអាម៉េរិកអះអាងថា ធ្វើឡើងដោយសារក្តីបារម្ភផ្នែកសន្តិសុខជាតិ ព្រោះម៉ាស៊ីនមេ (servers) របស់ DeepSeek ស្ថិតនៅក្នុងប្រទេសចិន ដែលអាចបើកផ្លូវឱ្យអាជ្ញាធរក្រុងប៉េកាំងចូលប្រមូលទិន្នន័យរសើបរបស់សហរដ្ឋអាម៉េរិកបាន។អាម៉េរិកក៏បានចោទប្រកាន់ក្រុមហ៊ុន AI របស់ចិនថាបានលួចចម្លង និងទាញយកសមត្ថភាព ពីគំរូ AI ទំនើបៗរបស់អាម៉េរិកផងដែរ។
បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បានថ្លែងថា ប្រទេសចិននឹងតាមដានស្ថានការណ៍នេះយ៉ាងយកចិត្តទុកដាក់ និងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិនយ៉ាងម៉ឺងម៉ាត់៕