Khmer suport khmer cc time

អ្នកកាសែតជើងចាស់ CNN លោកស្រី គ្រីស្ទីយ៉ាន អាម៉ានពួរ ប្រកាសលាឈប់ពីវិស័យសារព័ត៌មាន ក្រោយបំពេញការងារអស់៤៣ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

អាត្លង់តា៖ អ្នកសារព័ត៌មានអន្តរជាតិជើងចាស់ដ៏ល្បីល្បាញរបស់CNN គឺលោកស្រី គ្រីស្ទីយ៉ាន អាម៉ានពួរ (Christiane Amanpour) បានប្រកាសកាលពីថ្ងៃចន្ទថា លោកស្រីនឹងសម្រេចចិត្តបញ្ចប់តួនាទី និងចាកចេញពីស្ថាប័នក្នុងខែមិថុនា ឆ្នាំក្រោយ បន្ទាប់ពីបានបម្រើការងារជាមួយគ្នារយៈពេល ៤៣ ឆ្នាំពេញ។ ថ្លែងក្នុងសេចក្តីថ្លែងការណ៍ លោកស្រី អាម៉ានពួរ អាយុ ៦៨ឆ្នាំ បាន បានបង្ហាញពីការសម្រេចចិត្តដ៏លំបាកនេះ បន្ទាប់ពីការពិចារណាយ៉ាងហ្មត់ចត់ជាច្រើនខែ។ប្រធាន CNN លោក ម៉ាក ថូមសុន (Mark Thompson) បានសម្តែងក្តីសោកស្តាយ និងបានសរសើរលោកស្រីថាជា «អ្នកសារព័ត៌មានដ៏គួរឱ្យទុកចិត្ត និងជាទីគោរពមួយរូប» ក្នុងប្រវត្តិសាស្ត្ររបស់ស្ថាប័ន។

ថ្លែងក្នុងនាមជាពិធីការិនីនៃកម្មវិធីសម្ភាសន៍ពេលយប់ដ៏ល្បីល្បាញរបស់ CNN International តាំងពីឆ្នាំ២០០៩ លោកស្រីបានចាប់ផ្តើមផែនការកាត់បន្ថយម៉ោងការងារជាបណ្តើរៗ ដោយនឹងបន្តកាត់បន្ថយមកត្រឹម ១ដងក្នុងមួយសប្តាហ៍នៅខែមករា ឆ្នាំ២០២៧ ខាងមុខ រហូតដល់កម្មវិធីត្រូវបញ្ចប់ជាផ្លូវការនៅខែឧសភា ហើយលោកស្រីនឹងបន្តបេសកកម្មរាយការណ៍ព័ត៌មានដល់ខែមិថុនា។

ក្រៅពីការចាកចេញពី CNN កម្មវិធីរបស់លោកស្រីនៅលើកញ្ចក់ទូរទស្សន៍ PBS ដែលមានឈ្មោះថា «Amanpour & Company» ក៏នឹងត្រូវបិទបញ្ចប់នៅខែធ្នូខាងមុខនេះ។

ថ្លែងរៀបរាប់ពីប្រវត្តិការងារ លោកស្រី អាម៉ានពួរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារទាំងអស់ ដែលបានរួមសហការគ្នាចុះផ្សាយពីសមរភូមិសង្គ្រាម និងវិបត្តិធំៗលើពិភពលោក តាំងពីសង្គ្រាមឈូងសមុទ្រលើកទី១ រហូតដល់បូស្នី រ៉វ៉ាន់ដា អាហ្វហ្គានីស្ថាន អ៊ុយក្រែន និងអ៊ីរ៉ង់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ដ៏ច្បាស់លាស់ថា៖ «ត្រូវតែនិយាយការពិតជានិច្ច មិនមែនធ្វើខ្លួនអព្យាក្រឹត្យនោះឡើយ»។

ទោះបីជាលាឈប់ពី CNN លោកស្រីបានបញ្ជាក់ចុងក្រោយថា លោកស្រីនឹងបន្តធ្វើគម្រោងថ្មីៗ រួមទាំងការបន្តដំណើរការកម្មវិធីផតខាស (Podcast) ផ្ទាល់ខ្លួនដែលមានឈ្មោះថា «The Ex Files» ជាមួយអតីតស្វាមី៕

Khcct banner

អត្ថបទទាក់ទង