បាងកក៖ ក្រសួងហិរញ្ញវត្ថុថៃបានប្រកាសគ្រោងនឹងដំឡើងពន្ធអាករលើការនាំចូលរថយន្តអគ្គិសនីពេញលេញរហូតដល់យ៉ាងហោច ៣០% ចាប់ពីដើមឆ្នាំ២០២៧ តទៅ ក្នុងគោលបំណងការពារអ្នកវិនិយោគក្នុងស្រុក និងជំរុញក្រុមហ៊ុនបរទេសឱ្យមកបង្កើតរោងចក្រផលិតនៅក្នុងប្រទេសថៃ។ យោងតាមកាសែតថៃ The Nation បច្ចុប្បន្ន រថយន្តអគ្គិសនីនាំចូលដែលមិនទទួលបានការអនុគ្រោះ ត្រូវជាប់ពន្ធអាករ ១០% ខណៈម៉ូឌែលដែលបំពេញតាមលក្ខខណ្ឌអាចទទួលបានការកាត់បន្ថយមកត្រឹម ២% ប៉ុណ្ណោះ។ ការដំឡើងពន្ធថ្មីនេះ នឹងធ្វើឱ្យតម្លៃរថយន្ត EV នាំចូលពេញលេញកើនឡើងយ៉ាងខ្លាំង ដោយឧទាហរណ៍ថារថយន្ត EV នាំចូលតម្លៃ ១លានបាត (ប្រមាណ ២,៩ម៉ឺនដុល្លារ) ដែលធ្លាប់បង់ពន្ធ ១០% (ប្រហែល ១០ម៉ឺនបាត) នឹងត្រូវបង់ពន្ធកើនឡើងដល់យ៉ាងហោច ៣០% ដែលអាចរុញច្រានឱ្យតម្លៃលក់រាយលើទីផ្សារកើនឡើងយ៉ាងតិច ២០ម៉ឺនបាតបន្ថែមទៀត។
កាសែតដដែលអះអាងទៀតថា ការផ្លាស់ប្តូរគោលនយោបាយពន្ធនេះ នឹងមិនប៉ះពាល់ដល់រថយន្តអគ្គិសនីដែលដំឡើង និងផលិតនៅក្នុងប្រទេសថៃនោះឡើយ។ គោលនយោបាយពន្ធថ្មីក៏បានផ្លាស់ប្តូរវិធីសាស្ត្រវាយតម្លៃការប្រើប្រាស់គ្រឿងបន្លាស់ក្នុងស្រុក (Local Content) ដោយផ្តោតសំខាន់លើសមាសភាគបច្ចេកវិទ្យាខ្ពស់ដែលផលិតក្នុងស្រុក ជាជាងការគិតលើការចំណាយលើកម្លាំងពលកម្ម ឬថ្លៃអគ្គិសនីដូចមុន ហើយវិធានការដំឡើងពន្ធនេះ ធ្វើឡើងក្នុងគោលបំណងការពារក្រុមហ៊ុន ដែលបានវិនិយោគលើរោងចក្រ និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសថៃ និងជំរុញឱ្យម៉ាករថយន្តបរទេសទាំងឡាយណាដែលនៅតែពឹងផ្អែកលើការនាំចូល មកបង្កើតរោងចក្រផលិតផ្ទាល់នៅក្នុងប្រទេសថៃ៕