Khmer suport khmer cc time

កូរ៉េខាងជើង ចេញផ្សាយរូបភាពថ្មីៗរបស់លោក គីម ជុងអ៊ុន បដិសេធពាក្យចចាមអារ៉ាមអំពីការស្លាប់របស់លោក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA) បានចេញផ្សាយរូបថតថ្មីៗជាច្រើនសន្លឹករបស់មេដឹននាំកូរ៉េខាងជើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នេះដើម្បីបដិសេធពាក្យចចាមអារ៉ាមមិនពិតដែលបានរីករាលដាលនៅលើបណ្តាញអ៊ីនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច ជុំវិញព័ត៌មាននៃការស្លាប់ និងការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងររបស់មេដឹកនាំកំពូល លោក គីម ជុងអ៊ុន។ ពាក្យចចាមអារ៉ាមនេះដើមឡើយត្រូវបានបង្ហោះកាលពីថ្ងៃទី១៨ ខែតុលា ដោយលោក Xie Wanjun ដែលជាជនជាតិចិនប្រឆាំងរដ្ឋាភិបាលកំពុងរស់នៅអាម៉េរិក ហើយត្រូវ បានសារព័ត៌មានល្បីៗដូចជា New York Post, The Sun និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀត យកទៅចុះផ្សាយបន្តកាលពីថ្ងៃទី១៩ ខែតុលា ដោយអះអាងថាលោក គីម ជុងអ៊ុន កើតជំងឺដាច់សរសៃឈាមខួរក្បាល រហូតត្រូវបញ្ជូនទៅព្យាបាល និងទទួលមរណភាពនៅមន្ទីរពេទ្យក្នុងទីក្រុងប៉េកាំង ប្រទេសចិន។

ទីភ្នាក់ងារព័ត៌មាន KCNA បានបញ្ជាក់ថា លោក គីម ជុងអ៊ុន បានអញ្ជើញចុះពិនិត្យផ្ទាល់កាលពីថ្ងៃទី១៩ ខែតុលា នៅមជ្ឈមណ្ឌលតាំងពិព័រណ៍សម្លៀកបំពាក់ និងស្បែកជើងនៃវិស័យឧស្សាហកម្មធុនស្រាល ដោយមានការអមដំណើរពីភរិយាគឺលោកស្រី Ri Sol-ju និងកូនស្រី Kim Ju-ae។ រូបថតផ្លូវការបានបង្ហាញពីសកម្មភាពយ៉ាងរស់រវើករបស់លោកក្នុងការពិនិត្យមើលផលិតផល និងផ្តល់ការណែនាំដល់មន្ត្រីក្រោមឱវាទ ដែលបង្ហាញថាសុខភាពរបស់លោកនៅមានភាពល្អប្រសើរធម្មតា។

អ្នកជំនាញ និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូង (NIS) បញ្ជាក់ថាខ្លួននៅតែបន្តតាមដានសុខភាពរបស់លោក គីម ជុងអ៊ុន យ៉ាងយកចិត្តទុកដាក់ ដោយសារលោកមានទម្ងន់ប្រហែល ១៤០ គីឡូក្រាម និងមានប្រវត្តិគ្រួសារប្រឈមនឹងជំងឺសរសៃឈាមបេះដូង៕

Khcct banner

អត្ថបទទាក់ទង