ប៉េកាំង៖ ប្រទេសចិន បានប្រកាសជាផ្លូវការថា ខ្លួនបានប្រើប្រាស់នាវាមុជទឹកដើរដោយថាមពលបរមាណូទំនើបបំផុត ដើម្បីបាញ់សាកល្បងមីស៊ីលប្រហារ ឆ្លងទ្វីប (ICBM) នៅមហាសមុទ្រប៉ាស៊ីហ្វិក កាលពីពេលថ្មីៗនេះ បង្ហាញឱ្យឃើញពីការជឿនលឿន លើបច្ចេកវិទ្យាការពារជាតិយុទ្ធសាស្ត្ររបស់ចិន។ ភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua បានគូសបញ្ជាក់ថា នាវាមុជទឹកបរមាណូត្រកូល «Changzheng» បានឈានដល់ជំនាន់ទី ៣ (3rd Generation) ហើយបានសាកល្បងបាញ់មីស៊ីលយុទ្ធសាស្ត្រចេញពីក្រោមទឹកដោយជោគជ័យ ដែលនេះជាការបញ្ជាក់ជាលើកដំបូងថា នាវាមុជទឹកជំនាន់ថ្មីចុងក្រោយនេះ ត្រូវបានដាក់ឱ្យប្រតិបត្តិការផ្លូវការដោយកងទ័ពរំដោះប្រជាជនចិន (PLA)។
ការចេញផ្សាយព័ត៌មាននេះ ត្រូវបានធ្វើឡើងអមដោយរូបភាពនៃការបាញ់សាកល្បងកាលពីខែកក្កដា កន្លងទៅ បង្ហាញពីសមត្ថភាពវាយបកនុយក្លេអ៊ែរផ្លូវទឹក (Sea-based nuclear triad) របស់ចិន និងធ្លាប់បានរងការរិះគន់យ៉ាងខ្លាំងពីបណ្តាប្រទេសក្នុងតំបន់ រួមមាន ជប៉ុន និងអូស្ត្រាលី ជាដើម។នៅក្នុងប្រវត្តិសាស្ត្រ ចិនធ្លាប់បានបាញ់សាកល្បងមីស៊ីល ICBM ទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិកជាសាធារណៈតែ ២លើកប៉ុណ្ណោះ ហើយការបាញ់កាលពីមុនៗ គឺសុទ្ធតែធ្វើឡើងចេញពីលើគោក។ ដូច្នេះ ការប្រើប្រាស់នាវាមុជទឹកជំនាន់ទី ៣ មកបាញ់ចេញពីក្រោមទឹកលើកនេះ គឺជាជំហានលោតផ្លោះដ៏ធំមួយ នៃសមត្ថភាពយោធាជើងទឹកចិន ក្នុងការប្រជែងយកអំណាចជើងទឹកលំដាប់ពិភពលោក។
ចិនមិនបានបញ្ជាក់ពីប្រភេទមីស៊ីល ឬប្រភេទនាវាមុជទឹកជាក់លាក់ដែលត្រូវបានប្រើប្រាស់នោះទេ តែអ្នកវិភាគធ្លាប់បានសន្និដ្ឋានថា ការបាញ់នោះអាចចេញពីនាវាមុជទឹក Type 094 ជំនាន់ទី ២ ប៉ុន្តែរូបភាពមិនផ្លូវការនាពេលថ្មីៗនេះ បង្ហាញពីវត្តមាននាវាមុជទឹកវាយប្រហារ Type 095 និងនាវាមុជទឹកដឹកមីស៊ីល Type 096។ រូបភាពរណបពាណិជ្ជកម្មក៏បានបង្ហាញថា ចិនកំពុងពន្លឿនការបង្កើតនាវាមុជទឹកយ៉ាងលឿន ដោយបានបាញ់ទម្លាក់ទឹកនាវាមុជទឹកម៉ូឌែលថ្មីចំនួន ២ប្រភេទបន្ថែមទៀតនៅឆ្នាំ២០២៦ នេះ។
គួរបញ្ជាក់ថា ការទម្លាយព័ត៌មានយោធាដ៏សំខាន់នេះ ត្រូវបានធ្វើឡើងនៅក្នុងអត្ថបទបោះពុម្ពផ្សាយដើម្បីប្រារព្ធខួប ៩០ឆ្នាំ នៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ «ការដើរក្បួនវែង (Long March)» របស់កងទ័ពបក្សកុម្មុយនីស្តចិន៕