Khmer suport khmer cc time

ជប៉ុន រិះគន់រុស្ស៊ីជុំវិញការរារាំងមន្ត្រីកុងស៊ុលមិនឱ្យចូលជួបអ្នកសារព័ត៌មានជប៉ុនដែលត្រូវបានឃុំខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានសម្តែងការខកចិត្ត និងរិះគន់យ៉ាងខ្លាំងនៅថ្ងៃអង្គារ ទី២០ ខែតុលានេះ និងបានប្រកាសចាត់ទុកវាជារឿង គួរឱ្យសោកស្តាយយ៉ាងខ្លាំងដែលអាជ្ញាធររុស្ស៊ីមិនអនុញ្ញាតឱ្យមន្ត្រីការទូតជប៉ុនចូលជួបអ្នកសារព័ត៌មានរបស់ខ្លួន ដែលកំពុងត្រូវបានឃុំខ្លួននៅក្នុងប្រទេសរុស្ស៊ី។ ការបដិសេធរបស់អាជ្ញាធររុស្ស៊ីនេះត្រូវបានចាត់ទុកថាជាការរំលោភលើកិច្ចព្រមព្រៀងទ្វេភាគី ដែលតម្រូវឱ្យភាគីរុស្ស៊ីសម្រួលឱ្យមានការចូលជួបពីមន្ត្រីកុងស៊ុលក្នុងរយៈពេលយ៉ាងយូរ ៤ ថ្ងៃបន្ទាប់ពីការចាប់ខ្លួន។

បើតាមលោក Minoru Kihara លេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងជប៉ុន និងសហភាពសូវៀត (ដែលនៅតែមានសុពលភាពជាមួយរុស្ស៊ី) ធានានូវសិទ្ធិឱ្យមន្ត្រីកុងស៊ុលអាចចូលជួបជនជាតិខ្លួនបាន ក្នុងរយៈពេល មិនលើសពី ៤ ថ្ងៃគិតចាប់ពីពេលចាប់ខ្លួន ឬឃុំខ្លួន។ លោក Kihara បន្តថា៖ ដូច្នេះ វាជារឿងគួរឱ្យសោកស្តាយយ៉ាងខ្លាំង ដែលទោះបីជាមានបទប្បញ្ញត្តិនេះក៏ដោយ ក៏ការចូលជួបដោយមន្ត្រីកុងស៊ុលមិនបានកើតឡើងនៅក្នុងរយៈពេលដែលបានកំណត់នោះទេ។ លោកបានបន្ថែមថា ប្រទេសជប៉ុននឹង បន្តជំរុញយ៉ាងខ្លាំងក្លាឱ្យភាគីរុស្ស៊ីរៀបចំការចូលជួបដោយមន្ត្រីកុងស៊ុលឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោកក៏បានបញ្ជាក់ផងដែរថា ទីក្រុងតូក្យូកំពុងទាមទារឱ្យមានការដោះលែងបុរសរូបនោះ ការពិចារណាលើហេតុផលមនុស្សធម៌ និងការអនុវត្តដោយយុត្តិធម៌ចំពោះរូបគេ។

គួររម្លឹកថាអ្នកសារព័ត៌មានជប៉ុនម្នាក់ ដែលបម្រើការឱ្យកាសែត Hokkaido Shimbun ត្រូវបានអាជ្ញាធររុស្ស៊ីចាប់ខ្លួនកាលពីសប្តាហ៍មុន នៅលើកោះ Sakhalin ក្រោមបទចោទប្រកាន់ពីបទធ្វើចារកម្ម ហើយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា រូបគេនឹងត្រូវបន្តឃុំខ្លួនរហូតដល់ថ្ងៃទី ១២ ខែធ្នូ៕

Khcct banner

អត្ថបទទាក់ទង