មីយ៉ាន់ម៉ា៖ លោកស្រី អ៊ុងសាន ស៊ូជី ទទួលបាន«កញ្ចប់កាដូពិសេស» ពីស្ដេចអង់គ្លេស King Charles III ក្នុងនោះរួមមានរួម៖ សៀវភៅស្តីពីដីធ្លីចំនួន ២ក្បាល, ស្រោមសំបុត្របិទជិត ១ និងលិខិតផ្លូវការទាក់ទងការទូតបិទជិតមួយច្បាប់ ផ្ញើដោយព្រះមហាក្សត្រអង់គ្លេសផ្ទាល់។ នេះបើយោងតាមអ្នកនាំពាក្យប្រធានាធិបតីមីយ៉ាន់ម៉ា។
រដ្ឋាភិបាលមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ ទី១៩ ខែតុលា បានបញ្ចេញរូបថតដំបូងបង្អស់របស់លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ក្នុងរយៈពេល ២ខែចុងក្រោយ និងប្រកាសថាលោកស្រី បានទទួលកញ្ចប់កាដូមួយ ពីព្រះមហាក្សត្រអង់គ្លេស King Charles III ។ អាជ្ញាធរមីយ៉ាន់ម៉ា ក៏បានពិពណ៌នាថាលោកស្រី អ៊ុងសាន ស៊ូជី គឺជា «អ្នកទោសស្ត្រីពិសេស» (Special Female Prisoner)។ រូបថតចំនួន ២សន្លឹក ដែលត្រូវបានផ្សព្វផ្សាយថ្មីនេះ គឺមានស្ថានភាពស្ថិតនៅក្នុងបន្ទប់ដែលមានទម្រង់ដូចគ្នាបេះបិទ ទៅនឹងរូបភាពដែលត្រូវបានបញ្ចេញកាលពីលើកមុន កាលពីខែសីហា កន្លងទៅ នៅពេលដែលលោកស្រីបានជួបពិភាក្សាការងារជាមួយតំណាងអង្គការកាកបាទក្រហម ដែលនោះគឺជាជំនួបជាសាធារណៈលើកដំបូងបង្អស់របស់លោកស្រី ជាមួយមន្ត្រីបរទេស គិតចាប់តាំងពីលោកស្រីត្រូវបានទម្លាក់ចេញពីអំណាចមក៕
គួររំលឹកថា លោកស្រី អ៊ុង សាន ស៊ូជី ត្រូវបានទម្លាក់ចេញពីអំណាច ក្នុងរដ្ឋប្រហារយោធាកាលពីឆ្នាំ២០២១ ដែលបានរុញច្រានប្រទេសឱ្យធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល បណ្តាលឱ្យមនុស្សជាង ១០០,០០០នាក់បាត់បង់ជីវិត។ បច្ចុប្បន្ន លោកស្រីត្រូវបានផ្លាស់ប្តូរមកឃុំខ្លួននៅក្នុងផ្ទះ បន្ទាប់ពីមេដឹកនាំយោធា លោក Min Aung Hlaing បានឡើងកាន់តំណែងជាប្រធានាធិបតី តាមរយៈការបោះឆ្នោតដែលគ្មានវត្តមានគណបក្សរបស់លោកស្រី៕