Khmer suport khmer cc time

រឿងជំងឺកូវីដ-១៩ សម្តែងដោយ លីតៅហ៊ូ ត្រៀមចាក់បញ្ចាំងក្រោយពន្យារពេល ៦ ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ចិន៖ ភាពយន្តចិនដីគោកនិយាយអំពីព្រឹត្តិការណ៍ជំងឺកូវីដ-១៩ ចំណងជើងថា «Angels in White» (白衣逆行者) ដែលមានការចូលរួមសម្តែងដោយកំពូលតារាហុងកុង Andy Lau (លីតៅហ៊ូ) ត្រៀមនឹងចាក់បញ្ចាំងផ្លូវការនៅថ្ងៃទី ៦ ខែវិច្ឆិកា ខាងមុខនេះ។ ការប្រកាសចាក់បញ្ចាំងនេះបានធ្វើឡើងជិត ៦ ឆ្នាំ ក្រោយពីការថតបានបញ្ចប់តាំងពីខែធ្នូ ឆ្នាំ ២០២០ ហើយបានក្លាយជាប្រធានបទក្តៅគគុកនៅលើបណ្តាញអ៊ីនធឺណិត ដោយសារសាធារណជនជាច្រើនបានចោទសួរ និងបង្ហាញភាពទាក់ស្ទើរក្នុងការទស្សនា។

ភាពយន្តនេះដឹកនាំដោយអ្នកដឹកនាំរឿងហុងកុង លោក Herman Yau Lai-to ដោយចូលរួមសម្តែងដោយតារាស្រី Yang Zishan ផងដែរ។ សាច់រឿងបានរំលេចពីការតស៊ូ និងការរួបរួមគ្នារបស់ប្រជាជនសាមញ្ញ បុគ្គលិកសុខាភិបាល និងអ្នកជំងឺ ក្នុងអំឡុងពេលនៃការបិទខ្ទប់ទីក្រុងវូហាន (Wuhan lockdown) រយៈពេល ៧៦ ថ្ងៃនៅដើមឆ្នាំ ២០២០។ ក្រោយការចេញផ្សាយវីដេអូខ្លី (Trailer) ក្រោមចំណងជើងថា «៧៦ ថ្ងៃ និងយប់» អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានសម្តែងការមិនពេញចិត្ត ដោយលើកឡើងថាទស្សនៈ និងអារម្មណ៍របស់សាធារណជនចំពោះជំងឺរាតត្បាតនេះបានផ្លាស់ប្តូរទៅហើយ ហើយការទស្សនារឿងរ៉ាវដ៏ឈឺចាប់ទាំងនេះឡើងវិញនៅក្នុងរោងភាពយន្ត គឺមានតែបន្ថែមទុក្ខវេទនា និងភាពសោកសៅដល់ពួកគេប៉ុណ្ណោះ៕

Khcct banner

អត្ថបទទាក់ទង