ប៉េកាំង៖ រដ្ឋអំណាចិនកំពុងដំណើរការឈានចូលដំណាក់កាលរៀបចំសមាសភាពថ្នាក់ដឹកនាំអាណត្តិថ្មី សម្រាប់ការជ្រើសរើសក្នុងមហាសន្និបាតលើកទី២១ នៃបក្សកុម្មុយនិស្តចិន ដែលគ្រោងធ្វើឡើងនៅឆ្នាំ២០២៧។មន្ត្រីជាន់ខ្ពស់មួយចំនួនទំនងត្រូវបានផ្តាស់ប្តូរ ហើយកំពុងទទួលចាប់អារម្មណ៍ ជាពិសេស ពាក់ព័ន្ធនឹងអនាគតនយោបាយរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិនបច្ចុប្បន្ន។
លោក ស៊ី ជីនពីង បច្ចុប្បន្នមានអាយុ៧៣ឆ្នាំ បានកាន់តំណែងជាអគ្គលេខាធិការបក្សកុម្មុយនិស្តចិន ចាប់តាំងពីឆ្នាំ២០១២ និងជាប្រធានាធិបតីចិនចាប់តាំងពីឆ្នាំ ២០១៣។បើលោកបន្តកាន់តំណែងជាអគ្គលេខាធិការបក្សក្នុងអាណត្តិទី៤ នៅឆ្នាំ២០២៧ ការរៀបចំសមាសភាពថ្នាក់ដឹកនាំថ្មី នឹងមានសារៈសំខាន់ចំពោះទិសដៅនយោបាយរបស់ប្រទេសចិនក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
គួររំលឹកថា នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៨ សភាប្រជាជនទូទាំងប្រទេសចិន បានអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយលុបចោលការកំណត់អាណត្តិប្រធានាធិបតី។ការផ្លាស់ប្តូរនេះ បានបើកផ្លូវឱ្យលោក ស៊ី ជីនពីង អាចបន្តកាន់តំណែងជាប្រធានាធិបតីលើសពីពីរអាណត្តិ។យោងតាមការស្រាវជ្រាវ ក្នុងរចនាសម្ព័ន្ធអាយុរបស់មន្ត្រីបក្សកុម្មុយនិស្តចិន អាយុជាមធ្យមរបស់សមាជិកគណៈកម្មាធិការមជ្ឈិមបក្សអាចក្បែរ៦០ឆ្នាំ។ ចំណែកសមាជិកការិយាល័យនយោបាយមជ្ឈិមបក្ស មានអាយុជាមធ្យមប្រមាណ ៦៥ឆ្នាំ ជាអាយុច្រើន ខណៈមន្ត្រីមួយចំនួនអាចនឹងចាកចេញពីតំណែងដោយសារកត្តាអាយុ ក្នុងការផ្លាស់ប្តូរសមាសភាពថ្នាក់ដឹកនាំ នៅឆ្នាំ២០២៧។
ទោះជាយ៉ាងណា ចំនួនមន្ត្រីជំនាន់ថ្មីដែលនឹងទទួលបានតំណែងសំខាន់ៗ នៅមិនទាន់អាចកំណត់បាននៅឡើយទេ ដោយការជ្រើសរើសសមាសភាពថ្នាក់ដឹកនាំថ្មី នឹងអាស្រ័យលើដំណើរការសម្រេចចិត្តរបស់បក្ស។
គួរបញ្ជាក់ថា មហាសន្និបាតបក្សកុម្មុយនិស្តចិន ត្រូវបានរៀបចំជាទូទៅរៀងរាល់៥ឆ្នាំម្តង ដើម្បីកំណត់ទិសដៅនយោបាយ និងជ្រើសរើសគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិថ្មី។ បន្ទាប់មក គណៈកម្មាធិការមជ្ឈិមបក្សថ្មី នឹងជ្រើសរើសសមាសភាពថ្នាក់ដឹកនាំកំពូល រួមទាំងអគ្គលេខាធិការបក្ស។មហាសន្និបាតលើកទី ២១ នៅឆ្នាំ២០២៧ នឹងក្លាយជាព្រឹត្តិការណ៍នយោបាយសំខាន់របស់មហាអំណាចចិន ដែលអាចបង្ហាញពីទិសដៅនៃការដឹកនាំប្រទេសចិនក្នុងអនាគត៕