Khmer suport khmer cc time

ហ្វីលីពីន កោះហៅឯកអគ្គរដ្ឋទូតចិនមកបំភ្លឺឱ្យច្បាស់ ក្រោយលើកឡើងក្នុងន័យចង់គំរាមផ្នែកយោធាលើហ្វីលីពីន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ម៉ានីល៖ ក្រសួងការបរទេសហ្វីលីពីន នៅថ្ងៃចន្ទ ទី១៩ ខែតុលា បានកោះហៅឯកអគ្គរដ្ឋទូតចិន លោក Jing Quan ដើម្បីបកស្រាយជាផ្លូវការ និងតវ៉ាយ៉ាងម៉ឺងម៉ាត់ ចំពោះការលើកឡើងរបស់លោកដែលហ្វីលីពីនចាត់ទុកថាជា «ការគំរាមប្រើប្រាស់កម្លាំងយោធា»។ ក្នុងជំនួបនោះ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី Maria Theresa Lazaro បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង និងបានប្រឆាំងដាច់ខាតចំពោះការថ្លែងជាសាធារណៈរបស់អ្នកការទូតចិនរូបនេះ។

យោងតាមការចេញផ្សាយរបស់កាសែត The Strait Times ការលើកឡើងរបស់អ្នកការទូតចិនរូបនេះ បានបង្កឱ្យមានរលកកំហឹងយ៉ាងខ្លាំងនៅហ្វីលីពីន ដោយសមាជិកសភាប្រមាណ ២ រូបបានទាមទារឱ្យបណ្តេញលោកចេញពីប្រទេសតែម្តង។ ភាគីហ្វីលីពីនបានគូសបញ្ជាក់ថា សម្តីនេះជាទង្វើបង្កហេតុដែលមិនអាចទទួលយកបានឡើយ ហើយហ្វីលីពីនរក្សាសិទ្ធិពេញលេញក្នុងការចាត់វិធានការការទូតបន្ថែមទៀត ដើម្បីការពារកិត្តិយស និងអធិបតេយ្យភាពជាតិ។

គួររម្លឹកថា ដើមហេតុនៃរឿងនេះ កើតឡើងកាលពីថ្ងៃទី១៥ ខែតុលា នៅពេលលោក Jing Quan បានឆ្លើយតបទៅនឹងការរិះគន់របស់រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន ដែលបានហៅចិនថាជា «អ្នកបង្កបញ្ហា» ក្នុងតំបន់ ក្នុងវេទិកាមួយនៅទីក្រុង Quezon ។ មន្ត្រីការទូតចិនរូបនេះបានថ្លែងថា៖ «ហ្វីលីពីនគួរតែមានសំណាងដែលមានចិនជាអ្នកជិតខាង ប្រសិនបើយើងចង់ប្រើកម្លាំងយោធា យើងអាចឈ្នះយ៉ាងងាយស្រួល ប៉ុន្តែចិនមិនប្រើឡើយ ព្រោះយើងស្រឡាញ់សន្តិភាព»។

សម្តីនេះបានធ្វើឱ្យប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. កាលពីថ្ងៃ១៦តុលា បានប្រតិកម្មភ្លាមៗ ដោយចាត់ទុកថាជាការគំរាមកំហែងផ្ទាល់ និងទាមទារឱ្យមានការបកស្រាយឱ្យបានច្បាស់លាស់ពីបំណងពិតប្រាកដ៕

Khcct banner

អត្ថបទទាក់ទង