Khmer suport khmer cc time

ត្រាំ ប្រកាសចាប់ផ្តើមជួសជុលទីលានវាយកូនហ្គោលប្រវត្តិសាស្ត្រនៅទីក្រុងវ៉ាស៊ីនតោននៅខែវិច្ឆិកា ទោះបីជាមានបញ្ជាហាមឃាត់ពីតុលាការ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃអាទិត្យ ទី១៨ ខែតុលា ថា រដ្ឋបាលរបស់លោកនឹងចាប់ផ្តើមការងារជួសជុលទីលានវាយកូនហ្គោលប្រវត្តិសាស្ត្រ East Potomac Golf Links នៅក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី១៥ ខែវិច្ឆិកា ខាងមុខនេះ ហើយរំពឹងថានឹងបើកដំណើរការឡើងវិញក្នុងរយៈពេល ១៥ ខែ។ ការប្រកាសនេះបានធ្វើឡើងនៅលើបណ្តាញសង្គម Truth Social ទោះបីជាមានដីកាបង្គាប់ពីចៅក្រមសហព័ន្ធប្រចាំតំបន់ D.C. លោកស្រី Ana Reyes ដែលតម្រូវឱ្យរដ្ឋាភិបាលជូនដំណឹងជាមុនដល់តុលាការ មុននឹងចាប់ផ្តើមការងារសាងសង់ក៏ដោយ។

យោងតាមការចេញផ្សាយរបស់ CNA ជម្លោះផ្លូវច្បាប់បានកើនឡើងកម្តៅ បន្ទាប់ពីរដ្ឋបាលលោក ត្រាំ បានកាប់ដើមឈើប្រហែល ៥០០ ដើមនៅទីតាំងនោះ កាលពីសប្តាហ៍មុន ដែលធ្វើឱ្យចៅក្រម Reyes ចេញបញ្ជាឱ្យបញ្ឈប់ភ្លាមៗ និងរិះគន់សកម្មភាពនេះថា «មិនអាចលើកលែងឱ្យបានឡើយ»។ បន្ទាប់ពីការកាប់ដើមឈើ និងការបង្ហោះសាររបស់លោក ត្រាំ ចៅក្រមបានបង្គាប់ឱ្យភាគីរដ្ឋបាលបកស្រាយឡើងវិញ ព្រោះកន្លងមកមេធាវីរដ្ឋបាលបានអះអាងថា គម្រោងនេះនៅត្រឹមជាគំនិតដំបូងប៉ុណ្ណោះ ហើយមិនមែនជា «សកម្មភាពផ្លូវការរបស់ស្ថាប័នរដ្ឋ» ដែលត្រូវឆ្លងកាត់ការអនុញ្ញាតពីតុលាការនោះទេ។ កាលពីថ្ងៃសុក្រ ទី១៦ ខែតុលា រដ្ឋបាលលោក ត្រាំ បានដាក់សំណើសុំដកចៅក្រម Reyes ចេញពីសំណុំរឿងនេះ ដោយចោទប្រកាន់ថាលោកស្រីមានអរិភាពយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលរបស់លោក។

គួរកត់សម្គាល់ថាគម្រោងនេះគឺជាផ្នែកមួយនៃផែនការរបស់លោក ត្រាំ ក្នុងការកែប្រែប្រៀបមុខមាត់សេតវិមាន និងទីតាំងសំខាន់ៗក្នុងរាជធានី ប៉ុន្តែត្រូវបានប្រឈមមុខនឹងបណ្តឹងផ្លូវច្បាប់ជុំវិញកង្វល់អំពីបរិស្ថាន និងការអភិរក្សប្រវត្តិសាស្ត្រ។

Khcct banner

អត្ថបទទាក់ទង