បាងកក៖ស្ថានទូតចិនប្រចាំប្រទេសថៃ នៅថ្ងៃទី១៧ ខែតុលានេះ បានចេញនូវសេចក្តីជូនដំណឹងជាថ្មីដោយព្រមានដល់ពលរដ្ឋខ្លួន ត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ នៅពេលសម្រេចចិត្តធ្វើដំណើរចូលប្រទេសថៃ ក្រោយពីទូតរកឃើញថា មានករណីជនជាតិចិនជាច្រើននាក់ បានបាត់ខ្លួន បាត់ការទាក់ទង ឬត្រូវបានឃុំខ្លួនដោយខុសច្បាប់ និងបោកបញ្ឆោតឱ្យបញ្ជូនទៅកាន់ទីតាំងផ្សេងៗ ក្រោយធ្វើដំណើរចូលប្រទេសថៃ។
យោងតាមសេចក្តីប្រកាសនោះ ស្ថានទូតចិនប្រចាំនៅក្នុងប្រទេសថៃ បានអះអាង ក្រុមឧក្រិដ្ឋជនមួយចំនួន បានប្រើល្បិចផ្តល់ការងារប្រាក់ខែខ្ពស់ អញ្ជើញទៅធ្វើជំនួញ និងកិច្ចសហប្រតិបត្តិការវិនិយោគ ដើម្បីបោកបញ្ឆោតជនជាតិចិនឱ្យធ្វើដំណើរទៅប្រទេសថៃ មុននឹងធ្វើសកម្មភាពខុសច្បាប់លើជនរងគ្រោះ។
ស្ថានទូតចិន បានណែនាំឱ្យពលរដ្ឋខ្លួនប្រុងប្រយ័ត្ន ចំពោះការផ្តល់ការងារប្រាក់ខែខ្ពស់ និងការសន្យាផ្តល់ប្រាក់ចំណេញច្រើន ជៀសវាងជិះរថយន្តដែលរៀបចំដោយអ្នកមិនស្គាល់ និងជ្រើសរើសមធ្យោបាយធ្វើដំណើរស្របច្បាប់ ជាពិសេស ស្ថានទូតបានណែនាំឱ្យប្រុងប្រយ័ត្នខ្ពស់ ចំពោះការធ្វើដំណើរទៅតំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ដែលមានហានិភ័យសន្តិសុខខ្ពស់។
បន្ថែមពីនេះ ស្ថានទូតចិន ក៏បានអំពាវនាវឱ្យអ្នកធ្វើដំណើរជូនដំណឹងដល់ក្រុមគ្រួសារ អំពីជើងហោះហើរ កន្លែងស្នាក់នៅ និងគម្រោងធ្វើដំណើរ ព្រមទាំងរក្សាទំនាក់ទំនងជាប្រចាំ ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន៕