អាម៉េរិក៖ តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានកើនឡើងដល់ ១១០ ដុល្លារក្នុងមួយបារ៉ែលកាលពីថ្ងៃសុក្រ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានគិតចាប់តាំងពីចុងខែឧសភាមក។ ការហក់ឡើងនៃតម្លៃប្រេងនេះគឺបណ្តាលមកពីផលប៉ះពាល់ជាបន្តបន្ទាប់នៃជម្លោះអូសបន្លាយរយៈពេល ៨ ខែរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ព្រមទាំងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនដែលនៅតែបន្តកើតមាន។ តម្លៃប្រេងឆៅប្រភេទ Brent ដែលជាស្តង់ដារអន្តរជាតិ បានហក់ឡើងដល់ ១១០ ដុល្លារដែលជាកម្រិតខ្ពស់មួយចាប់តាំងពីខែឧសភាមក។
ចំណែកប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់អាម៉េរិកខាងជើងបានកើនឡើងលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែលជាលើកដំបូងគិតចាប់តាំងពីចុងខែកញ្ញាមកផង។ ការហក់ឡើងនៃតម្លៃប្រេងឆៅនេះ បានធ្វើឱ្យតម្លៃប្រេងឥន្ធនៈនៅតាមស្ថានីយក្នុងសហរដ្ឋអាម៉េរិកកើនឡើងយ៉ាងខ្លាំង ដោយប្រេងសាំងធម្មតាមានតម្លៃជាមធ្យម ៤,៣៣ ដុល្លារក្នុងមួយហ្គាឡុង ខណៈប្រេងម៉ាស៊ូតឡើងដល់ជាង ៦,៣០ ដុល្លារក្នុងមួយហ្គាឡុង ដែលខ្ពស់ជាងឆ្នាំមុនជិត ២,៧០ ដុល្លារ។ តាមការបញ្ជាក់ពីអ្នកវិភាគប្រេងឥន្ធនៈ Patrick De Haan ប្រជាជនអាម៉េរិកបានចំណាយប្រាក់បន្ថែមអស់ជាង ១៣៥ ពាន់លានដុល្លារលើប្រេងឥន្ធនៈចាប់តាំងពីដើមខែមីនាមក៕