Khmer suport khmer cc time

ប្រទេសប៊ូគីណាហ្វាសូ ផ្អាកការប្រកួតសម្រស់ទាំងអស់ ជំនួសមកវិញដោយការប្រកួតវិទ្យាសាស្ត្រសម្រាប់ស្ត្រីវ័យក្មេង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ប៊ូគីណាហ្វាសូ ៖ ប្រទេសប៊ូគីណាហ្វាសូ ដែលជាប្រទេសមួយស្ថិតនៅតំបន់អាហ្វ្រិកខាងលិច បានធ្វើការសម្រេចចិត្តដ៏គួរឱ្យកត់សម្គាល់ និងជាជំហានផ្លាស់ប្តូរយ៉ាងសំខាន់មួយដោយ រដ្ឋាភិបាលបានប្រកាសផ្អាកជាបណ្តោះអាសន្ននូវរាល់ការប្រកួតសម្រស់ទាំងអស់នៅទូទាំងប្រទេសជំនួសមកវិញនៃការប្រកួតវិទ្យាសាស្ត្រសម្រាប់ស្ត្រីវ័យក្មេង។ យោងតាមសារព័ត៌មាន Afrika Nation រដ្ឋាភិបាលដែលដឹកនាំដោយយោធាក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Ibrahim Traoré គោលបំណងនៃការផ្អាកនេះ គឺដើម្បីការពារ «អត្តសញ្ញាណវប្បធម៌ តម្លៃសង្គម និងសេចក្តីថ្លៃថ្នូររបស់មនុស្ស» នៅក្នុងប្រទេស ដើម្បីធានាថាការប្រកួតសម្រស់នាពេលអនាគតនឹងត្រូវស្របទៅនឹងតម្លៃវប្បធម៌ និងប្រពៃណីជាតិ។

បើតាមប្រព័ន្ធផ្សព្វផ្សាយដដែលត្រឹមតែរយៈពេលពីរខែបន្ទាប់ រដ្ឋាភិបាលបានបង្ហាញពីចក្ខុវិស័យថ្មីដ៏មានន័យមួយទៀត គឺការបង្កើតការប្រកួតវិទ្យាសាស្ត្រថ្នាក់ជាតិសម្រាប់ស្ត្រីវ័យក្មេង ដែលមានឈ្មោះថា កម្មវិធី «HAKILI Mousso»។ គំនិតផ្តួចផ្តើមនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដ៏មុតស្រួចដើម្បីលើកទឹកចិត្ត និងផ្តល់ឱកាសដល់ស្ត្រីវ័យក្មេងឱ្យងាកមកចាប់អារម្មណ៍ និងស្វែងយល់ពីវិស័យសំខាន់ៗដូចជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា បច្ចេកវិទ្យា និងវិស្វកម្ម។ តាមរយៈការផ្តល់នូវលទ្ធភាពទទួលបានការអប់រំកាន់តែប្រសើរ និងការគាំទ្រផ្នែកវិជ្ជាជីវៈ រដ្ឋាភិបាលសង្ឃឹមថានឹងអាចជួយឱ្យស្ត្រីវ័យក្មេងទាំងនោះមានលទ្ធភាពពេញលេញក្នុងការប្រកបអាជីពជោគជ័យក្នុងវិស័យទាំងនេះ។

នៅក្នុងខែសីហា កម្មវិធីប្រកួតវិទ្យាសាស្ត្រជាតិ HAKILI Mousso នេះ បានប្រមូលផ្តុំស្ត្រីវ័យក្មេងចំនួន ៨៤ នាក់មកពីទូទាំងប្រទេស ដើម្បីចូលរួមប្រកួតប្រជែងសមត្ថភាពលើមុខវិជ្ជាវិទ្យាសាស្ត្រស្នូល ពួកគាត់ទទួលបានរង្វាន់ និងអាហារូបករណ៍ដើម្បីជាការទទួលស្គាល់ និងលើកទឹកចិត្តដល់សមិទ្ធផលរបស់ខ្លួន។ក្រោយពេលបញ្ចប់ការប្រកួត លោកប្រធានាធិបតី Ibrahim Traoré បានអញ្ជើញជួបផ្ទាល់ជាមួយអ្នកឈ្នះទាំងអស់ ដោយបានផ្តល់នូវការលើកទឹកចិត្តយ៉ាងខ្លាំងក្លា និងជំរុញឱ្យពួកគេមានទំនុកចិត្តលើសមត្ថភាពខ្លួនឯង ហ៊ានកំណត់គោលដៅធំៗសម្រាប់អនាគត និងបន្តដំណើរឆ្ពោះទៅរកការបង្កើតអាជីពក្នុងវិស័យវិទ្យាសាស្ត្រ។

គួរកត់សម្គាល់ថាគំនិតផ្តួចផ្តើម និងការផ្លាស់ប្តូររបស់រដ្ឋាភិបាលប៊ូគីណាហ្វាសូនេះ បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជនទូទាំងពិភពលោក និងទទួលបានការសាទរយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ដូចជានៅលើ Instagram និងបណ្តាញព័ត៌មាន West African Voice Network ជាដើម។ អ្នកប្រើប្រាស់បណ្តាញសង្គម និងមហាជនជាច្រើនបានកោតសរសើរចំពោះចក្ខុវិស័យដ៏វែងឆ្ងាយនេះ ដោយយល់ឃើញថាវាជាជំហានដ៏អស្ចារ្យមួយក្នុងការការពង្រឹងសិទ្ធិអំណាចស្ត្រី បង្កើតឱកាសការងារថ្មីៗ និងលើកទឹកចិត្តឱ្យស្ត្រីមានសេរីភាពពេញលេញក្នុងការស្វែងរកចំណាប់អារម្មណ៍ និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនដើម្បីជាតិសាសន៍៕

Khcct banner

អត្ថបទទាក់ទង