អាម៉េរិក៖ ក្រុមហ៊ុន Tesla របស់លោក Elon Musk បានបង្ហាញរថយន្តស្ព័រអគ្គិសនី Tesla Roadster ជំនាន់ថ្មី ដែលត្រូវបានរចនាឡើងលើសពីរថយន្តអគ្គិសនីធម្មតា ដោយផ្តោតលើសមត្ថភាពបង្កើនល្បឿនយ៉ាងលឿនរហ័ស និងបច្ចេកវិទ្យាហោះហើររយៈពេលខ្លី។ នៅក្នុងវីដេអូបង្ហាញគំរូ រថយន្តនេះបានបង្ហាញពីសមត្ថភាពបើកបរ និងការហោះផុតពីផ្ទៃផ្លូវមួយរយៈខ្លី មុនពេលចុះចតមកវិញដោយសុវត្ថិភាព ដែលបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន។ការបង្ហាញនេះនៅតែមិនទាន់បញ្ជាក់ច្បាស់ថាតើរថយន្តដែលផលិតចេញមកផ្លូវការនឹងអាចហោះហើរបានក្នុងរយៈពេលយូរប៉ុណ្ណា ឬអាចយកទៅបើកបរជាក់ស្តែងលើផ្លូវថ្នល់ទូទៅបានកម្រិតណានោះទេ។
យោងតាមសេចក្តីរាយការណ៍របស់ The Economic Times គំនិតនៃការបង្កើតរថយន្ត Roadster នេះ គឺផ្តើមចេញពីគោលដៅដើមរបស់ Tesla ក្នុងការផលិតរថយន្តអគ្គិសនីដែលមានល្បឿនលឿនខ្លាំង និងទាក់ទាញបំផុត។ ខុសពីរថយន្តទូទៅដែលពឹងផ្អែកលើកម្លាំងកកិតនៃសំបកកង់ជាមួយផ្ទៃផ្លូវ រថយន្តនេះត្រូវបានបំពាក់នូវប្រព័ន្ធរុញច្រានដោយឧស្ម័នត្រជាក់ (cold-gas thrusters) ដែលអភិវឌ្ឍឡើងដោយប្រើប្រាស់បច្ចេកវិទ្យារ៉ុក្កែតរបស់ក្រុមហ៊ុន SpaceX។ Tesla បានអះអាងថា ប្រព័ន្ធរុញច្រាននេះអាចបង្កើតកម្លាំងបានខ្លាំងជាងសំបកកង់ធម្មតារហូតដល់ ៤ ទៅ ៥ ដង ដែលអនុញ្ញាតឱ្យមានចលនា និងការបង្កើនល្បឿនហួសពីដែនកំណត់នៃសំបកកង់ធម្មតា។
ក្រុមហ៊ុនបានបែងចែកជម្រើសរចនាជាពីរប្រភេទធំៗ រួមមានម៉ូដែល Performance ដែលជាប្រភេទ ២ កៅអី សម្រាប់បើកបរលើផ្លូវថ្នល់ ដោយបំពាក់ប្រព័ន្ធអាកាសឌីណាមិកសកម្ម និងប្រព័ន្ធបឺតជាប់ផ្ទៃផ្លូវដើម្បីកាត់បន្ថយជើងក្រោម។ ដោយឡែកម៉ូដែល Rocket គឺជាប្រភេទពិសេសដែលមានកៅអីតែមួយ និងត្រូវបានរចនាឡើងសម្រាប់សមត្ថភាពហោះហើរ ដោយមានឧបករណ៍រុញច្រាន (thrusters) បំពាក់ជុំវិញបរិវេណតួរថយន្ត។ ប្រព័ន្ធនេះអនុញ្ញាតឱ្យយានអាចបង្កើនល្បឿនទៅមុខ ឡើងលើ ធ្វើចលនាទៅចំហៀង និងបង្វិលខ្លួនបាន ដោយក្រុមហ៊ុនអះអាងថាវាអាចបង្កើនល្បឿនពី ០ ទៅ ៩៦ គីឡូក្នុងមួយម៉ោង ក្នុងរយៈពេលតិចជាង ០,៥៩ វិនាទី និងមានល្បឿនអតិបរមាលើសពី ៣៦៨ គីឡូក្នុងមួយម៉ោងដោយរថយន្តនេះអាចដាក់លក់តម្លៃចាប់ពី ២០ម៉ឺនដុល្លារឡើងទៅ៕