សិង្ហបុរី៖ អាជ្ញាធរសមុទ្រ និងកំពង់ផែសិង្ហបុរីបានប្រកាសថាមាននាវាដឹកទំនិញចុះបញ្ជីនៅសិង្ហបុរីឈ្មោះ GFS Pride បានលិចក្នុងច្រកសមុទ្រហ័រមូស (Strait of Hormuz) បន្ទាប់ពីត្រូវវត្ថុមិនស្គាល់អត្តសញ្ញាណបាញ់ចំ កាលពីថ្ងៃអង្គារ បណ្តាលឱ្យខូចខាត និងឆាបឆេះយ៉ាងខ្លាំង ក្នុងនោះបុគ្គលិកនាវាទាំង ២១ នាក់ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព ដោយគ្មាននរណាម្នាក់រងរបួសឡើយ ហើយនាវាសិង្ហបុរីមួយគ្រឿងទៀតឈ្មោះ GFS Giselle ក៏ត្រូវវត្ថុមិនស្គាល់អត្តសញ្ញាណបាញ់ចំកាលពីថ្ងៃពុធផងដែរ ប៉ុន្តែបានបន្តដំណើរទៅដល់ទីតាំងសុវត្ថិភាពជាមួយបុគ្គលិកទាំង ២២ នាក់។
បើតាមការចេញផ្សាយរបស់ BBC កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានអះអាងថា នាវានោះបានបុកមីនសមុទ្រពេលកំពុងប្រើប្រាស់ផ្លូវ «គ្មានការអនុញ្ញាត» ខណៈស្ថាប័នជលសាស្ត្រប៉ាគីស្ថានបញ្ជាក់ថា នាវា GFS Pride បានលិចនៅចម្ងាយប្រមាណ ៤ ម៉ាយសមុទ្រពីតំបន់ Ras al-Sheikh Masud នៃប្រទេសអូម៉ង់។
ក្រៅពីនាវាទាំងពីរខាងលើ ទីភ្នាក់ងារ UKMTO ក៏បានរាយការណ៍ពីនាវាពីរគ្រឿងទៀតដែលរងការវាយប្រហារស្រាល ខណៈក្រុម Vanguard និងទីភ្នាក់ងារ Reuters បានរាយការណ៍ថា នាវាដឹកទំនិញ Cape Dao (ចុះបញ្ជីនៅ Antigua and Barbuda) ក៏កំពុងលិចផងដែរ ដោយបានសម្លាប់នាវិកម្នាក់បន្ទាប់ពីត្រូវវត្ថុមិនស្គាល់អត្តសញ្ញាណបាញ់ចំផ្នែកបញ្ជាការ និងកន្លែងស្នាក់នៅ កាលពីចុងខែកញ្ញា៕