វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ (ទី១៥ ខែតុលា) ថា សហរដ្ឋអាម៉េរិកកំពុងធ្វើការចរចាជាមួយទីក្រុងមូស្គូ និងទីក្រុងប៉េកាំង ដោយមានគោលបំណងលុបបំបាត់អាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសពាក់ព័ន្ធចោលទាំងស្រុង។ នៅក្នុងបទសម្ភាសន៍មួយជាមួយបណ្តាញព័ត៌មាន Newsmax លោក ត្រាំ បាននិយាយថា លោករំពឹងថាប្រទេសចិននឹង «តាមទាន់» សហរដ្ឋអាម៉េរិក ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ លោក ត្រាំ បានប្រាប់បណ្តាញព័ត៌មាននេះថា៖ «វាជារឿងគួរឱ្យស្តាយណាស់ ព្រោះលោកពិតជាចង់ឱ្យមានការលុបបំបាត់អាវុធនុយក្លេអ៊ែរ ប្រសិនបើអាចធ្វើទៅបាន។ លោកអះអាងថា តាមពិតទៅ លោកកំពុងពិភាក្សាជាមួយរុស្ស៊ី និងចិន អំពីការលុបបំបាត់អាវុធនុយក្លេអ៊ែរនេះ។
បើតាមប្រព័ន្ធផ្សព្វផ្សាយ Newsmax បានរាយការណ៍ថា លោក ត្រាំ បានពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង អំពីបញ្ហានៃការលុបបំបាត់អាវុធនុយក្លេអ៊ែរនេះ។ការលើកឡើងរបស់លោក ត្រាំ ធ្វើឡើងប៉ុន្មានខែបន្ទាប់ពីសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រ (Strategic Arms Reduction Treaty) បានផុតសុពលភាពកាលពីដើមឆ្នាំនេះ។ សន្ធិសញ្ញា New START ដែលបានចុះហត្ថលេខានៅឆ្នាំ ២០១០ អនុញ្ញាតឱ្យមានការបន្តសុពលភាពចំនួនមួយលើក ដែលត្រូវបានព្រមព្រៀងដោយប្រធានាធិបតី លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន សម្រាប់រយៈពេល ៥ ឆ្នាំ ក្នុងគោលបំណងកាត់បន្ថយ និងកម្រិតចំនួនអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ។។ រាល់ការបន្តសុពលភាពថ្មីណាមួយទៀត នឹងតម្រូវឱ្យមានការសម្រេចចិត្តជាផ្លូវការពីថ្នាក់ដឹកនាំ ដើម្បីបន្តកម្រិតកំណត់នានាក្នុងសន្ធិសញ្ញានេះដោយស្ម័គ្រចិត្ត។
យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកហូម (Stockholm International Peace Research Institute) បានឱ្យដឹងថា ប្រទេសរុស្ស៊ីគឺជាប្រទេសដែលមានក្បាលគ្រាប់នុយក្លេអ៊ែរក្នុងស្តុកច្រើនជាងគេបំផុត បន្ទាប់មកគឺសហរដ្ឋអាម៉េរិក និងប្រទេសចិន។ ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាម៉េរិកមានចំនួនក្បាលគ្រាប់នុយក្លេអ៊ែរដែលដាក់ពង្រាយរួចរាល់ ច្រើនជាងប្រទេសរុស្ស៊ី៕