Swift cc time

ត្រាំ លុបចោលគម្រោងប្រហារជីវិត«ផ្សាយបន្តផ្ទាល់»លើជនល្មើសដែលបាញ់សម្លាប់ទាហានអាម៉េរិក ១៣ នាក់កាលពីឆ្នាំ ២០០៩

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ការប្រហារជីវិតលោក នីដាល ហាសាន់ (Nidal Hasan) ដែលជាខ្មាន់កាំភ្លើងបង្កហេតុបាញ់ប្រហារនៅមូលដ្ឋានទ័ព Fort Hood កាលពីឆ្នាំ ២០០៩ នឹងមិនត្រូវបានផ្សាយផ្ទាល់ឱ្យសាធារណជនទស្សនាឡើយ។ ការសម្រេចចិត្តនេះគឺជាការផ្លាស់ប្តូរជំហរភ្លាមៗ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ភីត ហេហ្គសេត (Pete Hegseth) បានប្រកាសកាលពីសប្តាហ៍មុនអំពីគម្រោងផ្សាយផ្ទាល់ព្រឹត្តិការណ៍នេះ ដែលបានបង្កឱ្យមានការភ្ញាក់ផ្អើល និងការរិះគន់យ៉ាងខ្លាំងពីមន្ត្រីក្នុងមន្ទីរបញ្ចកោណ កងទ័ព ក៏ដូចជាអ្នកនយោបាយទាំងពីរគណបក្ស។

លោក ត្រាំ បានបញ្ជាក់នៅលើបណ្តាញសង្គម Truth Social ថា ទោះបីជាដំបូងឡើយលោកយល់ថាការផ្សាយផ្ទាល់អាចជាការព្រមានដ៏រឹងមាំមួយទៅកាន់ពួកភេរវករក៏ដោយ ប៉ុន្តែដោយសារមានការយល់ឃើញ និងសំណូមពរពីមនុស្សជាច្រើន លោកក៏បានសម្រេចចិត្តលុបចោលការផ្សាយផ្ទាល់នេះវិញ។ លោក ត្រាំ បានសង្កត់ធ្ងន់ថា ការអនុវត្តទោសប្រហារជីវិតដោយការបាញ់ប្រហារលើលោក ហាសាន់ ដែលបានសម្លាប់មនុស្ស ១៣ នាក់ និងធ្វើឱ្យរាប់សិបនាក់ទៀតរងរបួស នឹងនៅតែប្រព្រឹត្តទៅតាមផែនការដដែល ដោយអនុញ្ញាតឱ្យតែសមាជិកគ្រួសារជិតស្និទ្ធរបស់ជនរងគ្រោះចូលរួមទស្សនាដោយផ្ទាល់ប៉ុណ្ណោះ។

ផ្អែកតាមការស្ទង់មតិរបស់ ABC News/Washington Post/Ipsos បានបង្ហាញថា ប្រជាជនអាម៉េរិកពេញវ័យរហូតដល់ ៨០% បានប្រឆាំងទាស់ទែងនឹងគំនិតនៃការផ្សាយផ្ទាល់ការប្រហារជីវិតនេះ។អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell បានបញ្ជាក់ថា លោក ត្រាំ និងលោក ហេហ្គសេត បានពិភាក្សាគ្នារួចរាល់ និងមានការយល់ស្របគ្នាទាំងស្រុងលើការសម្រេចចិត្តចុងក្រោយនេះ។

គួរបញ្ជាក់ថា ការប្រហារជីវិតដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៣ ខែធ្នូ នៅឯមូលដ្ឋាន Fort Hood នេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដោយសារវាជាករណីដំបូងបង្អស់ក្នុងរយៈពេល ៦៥ ឆ្នាំ និងជាលើកដំបូងចាប់តាំងពីសង្គ្រាមលោកលើកទី ២ មក ដែលកងទ័ពសហរដ្ឋអាម៉េរិកអនុវត្តទោសប្រហារជីវិតលើសមាជិកកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន៕

Khcct banner

អត្ថបទទាក់ទង