Swift cc time

មេរោគ West Nile ឆ្លងតាមរយៈមូសខាំកំពុងរីករាលដាលនៅទូទាំងអ៊ឺរ៉ុប

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អ៊ឺរ៉ុប៖ មជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការការពារ និងគ្រប់គ្រងជំងឺ (ECDC) បានព្រមានថា វីរុស West Nile កំពុងរីករាលដាលនៅក្នុងទ្វីបអឺរ៉ុប ដោយចំនួនករណីឆ្លងកំពុងកើនឡើង ហើយវីរុសនេះក៏កំពុងរាលដាលកាន់តែឆ្ងាយទៅកាន់តំបន់ភាគខាងជើង។ ECDC បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា ទ្វីបអឺរ៉ុបកំពុងជួបប្រទះរដូវកាលដែលមានការរាលដាលវីរុស West Nile ខ្លាំងបំផុតមិនធ្លាប់មាន ខណៈវីរុសនេះបានឆ្លងរាលដាលទៅកាន់តំបន់ថ្មីៗនៅក្នុងទ្វីបអ៊ឺរ៉ុប ដោយវីរុសនេះចម្លងតាមរយៈការខាំរបស់មូសដែលមានផ្ទុកមេរោគនឹងបណ្តាលឱ្យអ្នកជំងឺស្លាប់បាន។

យោងតាមទិន្នន័យគិតត្រឹមថ្ងៃទី ៧ ខែតុលា ប្រទេសនានាក្នុងសហភាពអឺរ៉ុបបានរាយការណ៍ពីករណីឆ្លងលើមនុស្សចំនួន ១.៧១៥ ករណី ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន ហើយមានអ្នកស្លាប់ចំនួន ១៣០ នាក់។ ករណីឆ្លងមួយចំនួនបានកើតឡើងនៅក្នុងតំបន់ដែលពីមុនមិនធ្លាប់មានការឆ្លងវីរុសនេះទេ។ ECDC បានព្រមានថា៖ «ការរកឃើញថ្មីៗនេះលើមនុស្ស និងសត្វនៅក្នុងប្រទេសបែលហ្ស៊ិក និងហូឡង់ បង្ហាញថាវីរុសនេះកំពុងចរាចរទៅកាន់តំបន់ភាគខាងជើងឆ្ងាយជាងមុន ហើយមកទល់ពេលនេះក្នុងឆ្នាំនេះ ប្រទេសហូឡង់បានរាយការណ៍ពីករណីឆ្លងលើមនុស្សចំនួន ៥៩ ករណី។ ចំណែកប្រទេសបែលហ្ស៊ិកវិញ បានរាយការណ៍ពីករណីឆ្លងចំនួន ១៥ ករណី ដែលនេះជាករណីឆ្លងលើមនុស្សដំបូងបំផុតដែលកើតឡើងនៅក្នុងប្រទេសនេះ។

ចំណែកប្រទេសអ៊ីតាលីនៅតែជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយមានករណីឆ្លងចំនួន ៧៤៨ ករណី ខណៈប្រទេសក្រិក និងបារាំងបានកត់ត្រាករណីឆ្លងចំនួន ៤៤៥ និង ១៤៤ ករណីរៀងៗខ្លួន ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន។

លោកស្រី Céline Gossner អ្នកជំនាញជាន់ខ្ពស់នៅ ECDC បានបញ្ជាក់ថា៖ «វីរុស West Nile គឺជាឧទាហរណ៍ដ៏ច្បាស់លាស់មួយដែលបង្ហាញថា ហេតុអ្វីបានជាវិធីសាស្ត្រសហការគ្នារវាងវិស័យផ្សេងៗគ្នា (cross-sector approach) មានសារៈសំខាន់ខ្លាំងណាស់។លោកស្រីបានបន្ថែមថា៖ វីរុសនេះចរាចររវាងមូស និងសត្វស្លាប ហើយអាចបង្កជំងឺដល់មនុស្ស និងសេះ ដូច្នេះបណ្តាលប្រទេសនាៗត្រូវតែចាត់វិធានការជាបន្ទាន់។

លោកស្រីអះអាងទៀតថាបច្ចុប្បន្នមិនទាន់មានវ៉ាក់សាំងដែលត្រូវបានអនុម័តសម្រាប់មនុស្សនៅឡើយទេ ហើយការព្យាបាលគឺផ្តោតតែលើការព្យាបាលតាមរោគសញ្ញាតែប៉ុណ្ណោះ និងការផ្តល់ការថែទាំគាំទ្រនៅក្នុងមន្ទីរពេទ្យ សម្រាប់ករណីធ្ងន់ធ្ងរ។ លោកស្រីបន្តថាការប្រើប្រាស់ផលិតផលបណ្តេញមូស ការស្លៀកពាក់សម្លៀកបំពាក់ដៃវែងជើងវែងរលុងៗ ការបំពាក់សំណាញ់ការពារមូសនៅតាមបង្អួច ការប្រើមុង ឬការប្រើម៉ាស៊ីនត្រជាក់ អាចជួយកាត់បន្ថយហានិភ័យសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ដែលមានការឆ្លងរាលដាល។

គួររម្លឹកថា West Nile គឺជាវីរុសមួយប្រភេទដែលចម្លងតាមរយៈសត្វមូស ហើយជាមូលហេតុចម្បងមួយនៃជំងឺដែលបណ្តាលមកពីមូសខាំ វាត្រូវ បានរកឃើញដំបូងនៅក្នុងខេត្ត West Nile នៃប្រទេសអ៊ូហ្គង់ដា ក្នុងឆ្នាំ ១៩៣៧ មេរោគនេះមានអការៈស្រដៀងនឹងគ្រុនឈាមបន្ទាប់ពីមូសខាំប៉ុន្តែមិនទាន់មានថ្នាំព្យាបាលបាននៅឡើយនោះទេ៕

Khcct banner

អត្ថបទទាក់ទង