វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ត្រាំ បានបណ្តេញអ្នកនាំពាក្យសេតវិមានថ្មីលោកស្រី Katie Zacharia កាលពីល្ងាចថ្ងៃសុក្រ (ទី១៦ ខែតុលា) ដោយលោកស្រីធ្វើការបានត្រឹមតែ ៥ ថ្ងៃតែប៉ុណ្ណោះនៅសេតវិមានអាម៉េរិក។ ការបណ្តេញលោកស្រីចេញពីតំណែងនេះធ្វើឡើងភ្លាមៗក្រោយពីលោកស្រីរងការរិះគន់យ៉ាងចាស់ដៃជុំវិញការងាររបស់លោកស្រីបូករួមទាំងការរិះគន់លោកស្រីលើរឿងបង្គន់របស់ប្រទេសចិនជាដើម និងកុហកគេធ្លាប់ធ្វើការងារជាមេធាវីទាំងដែលមិនមែនជាការពិត។
មន្ត្រីសេតវិមានម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា «អាចបញ្ជាក់បាន» បន្ទាប់ពីបណ្តាញព័ត៌មាន Fox News បានរាយការណ៍ថា លោកស្រី Zacharia វ័យ ៤១ ឆ្នាំ កំពុងស្ថិតក្នុងដំណើរការ «ចាកចេញពីតំណែង»។ សញ្ញានៃការចាកចេញនេះបានលេចឡើងតាំងពីមុននោះមក នៅពេលដែលលោក ត្រាំ បានបង្ហាញយ៉ាងច្បាស់ថា លោកត្រៀមខ្លួនរួចរាល់ហើយក្នុងការឱ្យអ្នកនាំពាក្យដែលទើបតែតែងតាំងថ្មីរូបនេះចាកចេញ។ ការសម្រេចចិត្តនេះកើតឡើងចំពេលមានការរិះគន់ថា លោកស្រីធ្លាប់អះអាងថាខ្លួនជាមេធាវី (ទាំងដែលមិនមែន) និងបន្ទាប់ពីការធ្វើសន្និសីទសារព័ត៌មានមួយលើករបស់គាត់ ដែលត្រូវបានគេចំអកយ៉ាងខ្លាំង។
លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា៖ ខ្ញុំបាននិយាយថា 'Katie តើការងារនេះសាកសមនឹងអ្នកឬ ។ ខ្ញុំបាននិយាយថា 'Katie អ្នកមិនចាំបាច់ធ្វើវាទេ ខ្ញុំបានប្រាប់គាត់ថា និយាយឱ្យត្រង់ទៅ ប្រសិនបើខ្ញុំជាអ្នក ខ្ញុំនឹងពិចារណាឡើងវិញ។
គួររម្លឹកថាការចាប់ផ្តើមការងាររបស់លោកស្រី Zacharia ដែលចូលមកជំនួសតំណែងលោកស្រី Karoline Leavitt គឺមិនសូវរលូនប៉ុន្មានឡើយ ដោយចាប់ផ្តើមជាមួយនឹងសន្និសីទសារព័ត៌មានដ៏ខ្លីកាលពីថ្ងៃអង្គារ ដែលមានរយៈពេលមិនដល់ ១៥នាទី និងទទួលសំណួរពីអ្នកសារព័ត៌មានត្រឹមតែ ៣ប៉ុណ្ណោះ។ មិនយូរប៉ុន្មាន ភាពចម្រូងចម្រាសបានកើតឡើង នៅពេលដែលការអះអាងពីមុនរបស់លោកស្រីថាខ្លួនជា «មេធាវី» ត្រូវបានគេរកឃើញថាពុំមែនជាការពិត។ ទោះបីជាមានសញ្ញាបត្រច្បាប់ក៏ដោយ លោកស្រីបានសារភាពថាខ្លួនបានប្រឡងធ្លាក់វិញ្ញាសាជាមេធាវី (bar exam) ហើយមិនបានប្រឡងឡើងវិញនោះឡើយ៕