ប៉ារីស៖ អាគារសាលាក្រុង Limoges របស់ប្រទេសបារាំង ត្រូវបានដុតឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីថ្ងៃទី១៧ ខែតុលា កំឡុងពេលដែលកុបកម្មបានផ្ទុះឡើងនៅតាមទីក្រុងជាច្រើនទូទាំងប្រទេសបារាំង ក្នុងថ្ងៃបាតុកម្មទ្រង់ទ្រាយធំប្រឆាំងនឹងការកើនឡើងនៃតម្លៃជីវភាព និងការធ្លាក់ចុះគុណភាពសេវាសាធារណៈ។ ពលរដ្ឋបារាំងរាប់សែននាក់បានធ្វើបាតុកម្មដោយសន្តិវិធីនៅតាមផ្លូវសាធារណៈ ប៉ុន្តែការតវ៉ានេះបានក្លាយជាពិបាកគ្រប់គ្រង រហូតប្រែជាអំពើហិង្សាដ៏ធ្ងន់ធ្ងរបំផុតមួយដែលប្រទេសបារាំងមិនធ្លាប់បានជួបប្រទះក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ ក្នុងហេតុការណ៍នេះ មានមនុស្សជាង ១,២០០ នាក់ត្រូវចាប់ខ្លួន និងកម្លាំងនគរបាល ១៥០ នាក់រងរបួស។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅក្នុងក្រុងប៉ារីស ប៉ូលិសប្រឆាំងកុបកម្មបានប្រើប្រាស់ឧស្ម័នទឹកភ្នែក និងកាណុងបាញ់ទឹក ដើម្បីបំបែកក្រុមបាតុករដែលបានដុតបំផ្លាញអគារ រថយន្ត និងហាងទំនិញ។ អគ្គិភ័យបានឆាបឆេះសាលាក្រុង Limoges បណ្តាលឱ្យបាក់រលំដំបូលមួយផ្នែក និងមជ្ឈមណ្ឌលទេសចរណ៍ប្រវត្តិសាស្ត្រក្នុងក្រុង Lyon ក៏ត្រូវភ្លើងឆេះខ្ទេចខ្ទី។ បន្ថែមពីនេះ អំពើចោរកម្ម និងការលួចប្លន់បានផ្ទុះឡើងនៅតាមទីក្រុងជាច្រើន រួមមានការគាស់ចូលហាង Apple Store នៅក្រុង Lille និងការវាយប្រហារលើអគាររដ្ឋបាលក្នុងក្រុង Marseille, Rennes, Toulouse និង Angers។
គួរបញ្ជាក់ថា ចលនាតវ៉ានេះដំបូងឡើយកើតចេញពីសិស្សសាលារាប់សែននាក់ ដែលតវ៉ាប្រឆាំងនឹងការខ្វះគ្រូបង្រៀន និងសាលារៀនទ្រុឌទ្រោម មុនពេលមានការចូលរួមបន្ថែមពីសហជីពកម្មករ និងក្រុម «អាវកាក់លឿង» (Gilets Jaunes)។ ក្រុម «អាវកាក់លឿង» គឺជាចលនាតវ៉ាដ៏មានឥទ្ធិពលមួយនៅប្រទេសបារាំង ដែលបានផ្ទុះឡើងដំបូងនៅចុងឆ្នាំ២០១៨ ប្រឆាំងនឹងការដំឡើងពន្ធប្រេងឥន្ធនៈ ដោយបាតុករបានយក «អាវកាក់សុវត្ថិភាពចរាចរណ៍ពណ៌លឿង» មកពាក់ជាសញ្ញាសំគាល់។ ចលនានេះបានរីករាលដាលយ៉ាងឆាប់រហ័សទៅជាការតវ៉ាទូទាំងប្រទេសប្រឆាំងនឹង វិបត្តិជីវភាព ការធ្លាក់ចុះប្រាក់ចំណូល និងគោលនយោបាយសេដ្ឋកិច្ចរបស់ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង រហូតក្លាយជាការតវ៉ាអូសបន្លាយពេលយូរជាងមួយឆ្នាំ និងតែងតែផ្ទុះការប៉ះទង្គិចជាញឹកញាប់ជាមួយកម្លាំងប៉ូលិស។ បច្ចុប្បន្ន សមាជិកនៃក្រុមនេះតែងតែចេញមុខចូលរួមដៃជាមួយក្រុមបាតុករផ្សេងៗ ដូចជាសិស្សសាលា និងសហជីព ដើម្បីបង្កើនកម្លាំងប្រឆាំងនឹងរដ្ឋាភិបាលបារាំងលើបញ្ហាសង្គម និងសេដ្ឋកិច្ច៕