Khmer suport khmer cc time

មហាកុបកម្មនៅបារាំង ចាប់ខ្លួនមនុស្សជាង ២ពាន់នាក់ ហាងទំនិញជិត ២ពាន់កន្លែងរកការបំផ្លាញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

បារាំង៖ មហាកុបកម្មនៅប្រទេសបារាំងនៅទីក្រុងធំៗជាច្រើនរួមមានទីក្រុងប៉ារីស (Paris) ទីក្រុងលីម៉ូស (Limoges) ទីក្រុងម៉ាសៃ (Marseille) ទីក្រុងលីយ៉ុង (Lyon) ទីក្រុងណង់តេស (Nantes) ទីក្រុងនីស (Nice) និង ប៊រដូ (Bordeaux) ដោយមានមនុស្សប្រមាណ ២៨០០នាក់ត្រូវបានចាប់ខ្លួន ដើមហេតុដែលនាំឱ្យមានកុបកម្ម និងការតវ៉ាយ៉ាងខ្លាំងក្លានេះ បានវិវត្តចេញពីការប្រមូលផ្តុំតវ៉ាតាមដងផ្លូវ និងការបិទផ្លូវនៅតាមសាលារៀនអស់រយៈពេល ៤ សប្តាហ៍មកហើយ ដោយសិស្សានុសិស្ស គ្រូបង្រៀន និងអាណាព្យាបាល ដើម្បីទាមទារឱ្យមានការបន្ថែមគ្រូបង្រៀន ជួសជុលសាលារៀនដែលទ្រុឌទ្រោម និងផ្តល់ថវិកាបន្ថែមសម្រាប់សេវាសាធារណៈ។ ចលនានេះបានរីករាលដាលទៅជាការតវ៉ាប្រឆាំងនឹងការកើនឡើងនៃថ្លៃចំណាយក្នុងជីវភាពរស់នៅ ដំបូងឡើយការដើរក្បួនដោយសន្តិវិធីកាលពីថ្ងៃសៅរ៍ ទី១៧ ខែតុលា ត្រូវបានជ្រៀតជ្រែកដោយក្រុមបង្កចលាចល និងក្រុមចោរប្លន់ពាក់ម៉ាស់ ដែលបានវាយប្រហារលើអគាររដ្ឋ ដុតបំផ្លាញស្ថានីយរថយន្តក្រុង វាយបំបែកកញ្ចក់ហាង និងលួចយកទំនិញនៅតាមទីក្រុងធំៗដូចជា ប៉ារីស ប៊រដូ នីស និងម៉ាសៃ ជាដើម។ នៅទីក្រុង Limoges អគារសាលាក្រុងសាងសង់តាំងពីសតវត្សរ៍ទី ១៩ ត្រូវបានគេសម្រុកចូលដុតបំផ្លាញ និងគំរាមសម្លាប់បុគ្គលិកថែរក្សាអគារ។

យោងតាម BBC អាជ្ញាធរបារាំងបានសម្រេចដាក់ចេញនូវ «បម្រាមគោចរដោយផ្នែក» នៅតាមទីក្រុង និងតំបន់សំខាន់ៗជាច្រើន រួមទាំងទីក្រុងប៉ារីស កាលពីថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២៦ ដើម្បីទប់ទល់នឹងរលកនៃអំពើហិង្សាចលាចលដ៏អាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ វិធានការបន្ទាន់នេះត្រូវ បានធ្វើឡើងតាមការស្នើរបស់នាយករដ្ឋមន្ត្រីបារាំង លោក Sébastien Lecornu ដើម្បីការពារសន្តិសុខប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិអាជីវកម្ម។

អាជ្ញាធរបារាំងអះអាងទៀតថា បម្រាមគោចរត្រូវ បានអនុវត្តនៅតំបន់ Place de la République និង Les Halles ក្នុងទីក្រុងប៉ារីស ចាប់ពីពេលយប់រហូតដល់ព្រឹកព្រលឹមថ្ងៃអង្គារ ទី២០ ខែតុលា។ ជាមួយគ្នានេះ ទីក្រុង Lyon បានហាមឃាត់ការជួបជុំសាធារណៈ និងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ឯទីក្រុង Marseille និង Nice ក៏បានហាមឃាត់ការតវ៉ា និងដាក់បម្រាមគោចរសម្រាប់អនីតិជន រួមទាំងទីក្រុងមួយចំនួនទៀតនៅភាគខាងជើងប្រទេសដូចជា Lille, Douai, Wattignies និង Denain ជាដើម។ ការដាក់ចេញបម្រាមគោចរនេះ ធ្វើឡើងបន្ទាប់ពីមនុស្សជាង ២.០០០ នាក់ត្រូវបានចាប់ខ្លួនកាលពីចុងសប្តាហ៍ បណ្តាលឱ្យមនុស្សស្លាប់យ៉ាងហោចណាស់ ២ នាក់ និងជាច្រើននាក់ទៀតរងរបួសធ្ងន់ ខណៈក្រុមបាតុករពាក់ម៉ាស់បានដុតបំផ្លាញទ្រព្យសម្បត្តិ វាយបំបែកហាងទំនិញ និងអគារប្រវត្តិសាស្ត្រ។

ជាការឆ្លើយតប ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានចេញមុខរិះគន់យ៉ាងធ្ងន់ធ្ងរចំពោះ អំពើហិង្សាដែលមិនអាចគ្រប់គ្រងបាន នៅក្នុងសុន្ទរកថាផ្សាយតាមទូរទស្សន៍ លោក ម៉ាក្រុង បានបញ្ជាក់ថា គ្មានហេតុផលណាមួយអាចយកមកដោះសារចំពោះអំពើហិង្សានេះបានឡើយ លោកបានរិះគន់ក្រុមបង្កចលាចលមកពី និន្នាការឆ្វេងជ្រុល ដែលមានឧក្រិដ្ឋជនចូលរួម លោកប្រកាសថានឹងមិនអត់អោនចំពោះមនុស្សដែលពាក់ព័ន្ធដែលបណ្តាលឲ្យកើតមានហិង្សាដ៏អាក្រក់បែបនេះឡើយ៕

Khcct banner

អត្ថបទទាក់ទង