ប៉េកាំង៖ អ្នកបង្កើតមាតិកាផ្នែកបច្ចេកវិទ្យា និងជាBlogger ជនជាតិចិនម្នាក់ ឈ្មោះ អាអ៊ូ (Ayu) បានធ្វើឱ្យមហាជន និងបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោកបានច្នៃប្រឌិត និងផលិត «ក្តារហោះ» (Flying Skateboard) ដែលអាចហោះហើរបានបង្កើតដោយខ្លួនលោកផ្ទាល់។ លោក អាអ៊ូ បានទម្លាយថា ក្តីស្រមៃក្នុងការបង្កើតឧបករណ៍មួយនេះ បានកើតឡើងតាំងពីលោកនៅជាកុមារ បន្ទាប់ពីបានទស្សនារឿងភាគដ៏ល្បីឈ្មោះ Spider-Man និងបានឃើញតួអង្គ New Goblin ជិះក្តារហោះលើអាកាស ដែលធ្វើឱ្យរូបលោកប្តេជ្ញាចិត្តប្រែក្លាយក្ដីស្រមៃឱ្យក្លាយជាការពិត។
ថ្លែងរៀបរាប់ក្នុងឆាណែលយូធូបផ្ទាល់ខ្លួន លោកបានរៀនរាប់ថា ដំណើរការនៃការបង្កើតឧបករណ៍បច្ចេកវិទ្យាដ៏ស្មុគស្មាញនេះ មិនមែនជារឿងងាយស្រួលនោះឡើយ ដោយលោកត្រូវចំណាយពេលអស់ជាច្រើនខែក្នុងការស្រាវជ្រាវ ដំឡើង និងដោះស្រាយបញ្ហាបច្ចេកទេស។ លោកបានចាប់ផ្តើមពីការបង្កើតម៉ូដែលសាកល្បងដើរដោយម៉ាស៊ីនទ័រប៊ីន (Turbojet) ដែលធ្លាប់ជួបឧប្បត្តិហេតុឆាបឆេះ រហូតអភិវឌ្ឍមកជាក្តារហោះដើរដោយថាមពលអគ្គិសនី និងបានចំណាយពេលហ្វឹកហាត់រក្សាលំនឹងយ៉ាងស្ទាត់ជំនាញលើអាកាស។
បន្ទាប់ពីជោគជ័យ លោកបានយកក្តារហោះនេះទៅបើកបរសាកល្បងនៅស្រុកកំណើតរបស់លោក ក្នុងស្រុកប៉ាទុង (Badong) ដោយបានហោះហើរឆ្លងកាត់ជួរភ្នំ ជ្រលងភ្នំ និងទន្លេយ៉ាងសេ (Yangtze River) យ៉ាងអស្ចារ្យ។
គួរបញ្ជាក់ថា សកម្មភាពដ៏ក្លាហាន និងគំនិតច្នៃប្រឌិតនេះ គឺជាផ្នែកមួយនៃស៊េរីវីដេអូ «Dreams Built by Hand» របស់លោក ដែលមានគោលបំណងច្នៃប្រឌិតឧបករណ៍ចម្លែកៗចេញពីរឿងភាគ គំនូរជីវចល និងហ្គេម ឱ្យចេញជារូបរាងពិតប្រាកដ។ ដោយសារតែការបើកបរក្តារហោះនេះមានហានិភ័យសុវត្ថិភាពខ្ពស់ លោកក៏បានចេញសារព្រមានដល់អ្នកទស្សនា កុំឱ្យយកតម្រាប់តាម ឬធ្វើការសាកល្បងឧបករណ៍ និងសកម្មភាពហោះហើរដ៏គ្រោះថ្នាក់នេះដោយគ្មានជំនាញច្បាស់លាស់ឡើយ៕