មីយ៉ាន់ម៉ា៖ សហព័ន្ធសហជីពឧស្សាហកម្ម សិប្បកម្ម និងសេវាកម្មមីយ៉ាន់ម៉ា (MICS-TUsF) បានអះអាងថាមានកម្មករជិត ១០.០០០ នាក់ នឹងត្រូវបាត់បង់ការងារ ដោយសាររោងចក្រកាត់ដេរចំនួន ៤ នៅទីក្រុងយ៉ាំងហ្គោន នឹងត្រូវបិទទ្វារនៅក្នុងខែតុលានេះ។ មូលហេតុគឺដោយសារកង្វះវត្ថុធាតុដើម និងការបញ្ជាទិញមានការថយចុះ។ យោងតាមសហព័ន្ធនេះ រោងចក្រចំនួន ២ ដែលមានកម្មករប្រហែល ១.០០០ នាក់ក្នុងមួយកន្លែង នឹងត្រូវបិទជាស្ថាពរនៅសប្តាហ៍នេះ។ រោងចក្រមួយស្ថិតនៅក្នុងក្រុង Shwepyithar នឹងបិទនៅថ្ងៃទី ២១ ខែតុលា ហើយមួយទៀតស្ថិតនៅក្នុងក្រុង Hlaing Tharyar នឹងបិទនៅថ្ងៃបន្ទាប់។
លើសពីនេះ រោងចក្រកាត់ដេរមួយកន្លែងទៀតដែលមានកម្មករ ៥.០០០ នាក់ ស្ថិតនៅក្នុងក្រុង Hmawbi (ដែលបានបញ្ឈប់បុគ្គលិកខ្លះរួចហើយកាលពីខែមុន) នឹងត្រូវបិទជាស្ថាពរនៅដំណាច់ខែនេះ។ ជាមួយគ្នានេះ រោងចក្រមួយទៀតនៅក្នុងក្រុង Mingaladon ក៏ត្រូវបានគេរំពឹងថានឹងបិទទ្វារក្នុងពេលឆាប់ៗនេះដែរ ដែលនឹងធ្វើឱ្យកម្មករចំនួន ១.០០០ នាក់ទៀត ត្រូវបាត់បង់ការងារ។
សហព័ន្ធបានប្តេជ្ញាថានឹងទាមទារឱ្យរោងចក្រទាំងនោះទទួលខុសត្រូវក្នុងការផ្តល់សំណងដល់កម្មកររបស់ខ្លួន៕