វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) ឈានដល់កិច្ចព្រមព្រៀងជាមួយរុស្ស៊ី។ លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅក្នុងបន្ទប់ Oval Office ថា៖ «ឲយើងចង់ឱ្យលោក ហ្សេឡេនស្គី ឈានដល់កិច្ចព្រមព្រៀង ហើយគាត់អាចធ្វើកិច្ចព្រមព្រៀងបាន។ លោកបន្តថាមេដឹកនាំអ៊ុយក្រែន គួរតែអាចធ្វើកិច្ចព្រមព្រៀងបានតាំងពី ២ ឆ្នាំមុន ពេលដែលលោកទាំងពីរបានជជែកគ្នាក្នុងបន្ទប់ Oval Office នេះ។ លោក ត្រាំ ក៏បានលើកឡើងដែរថា លោកបានស្នើសុំឱ្យប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ដោះលែងលោក ស្ទីហ្វិន ហាប់បាដ (Stephen Hubbard) ដែលជាជនជាតិអាម៉េរិកម្នាក់ត្រូវបានកងកម្លាំងរុស្ស៊ីចាប់ខ្លួនកាលពីប៉ុន្មានឆ្នាំមុននៅក្នុងប្រទេសអ៊ុយក្រែន។
លោក ហ្សេឡេនស្គី បានស្វាគមន៍ចំពោះការចាប់ផ្តើមឡើងវិញនូវការចែករំលែកព័ត៌មានចារកម្មពីសហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងការវាយប្រហារដែលរុស្ស៊ីអាចនឹងធ្វើឡើង ប៉ុន្តែលោកបានទទូចថា ទីក្រុងគៀវត្រូវតែត្រូវបានរួមបញ្ចូលនៅក្នុងការពិភាក្សាណាមួយនាពេលអនាគតអំពីជោគវាសនារបស់ខ្លួន។
គួររម្លឹកថាកាលពីខែកុម្ភៈ ឆ្នាំ២០២៥ គឺមិនយូរប៉ុន្មានទេបន្ទាប់ពីលោក ត្រាំ ដែលមានមន្ទិលសង្ស័យលើការជួយអ៊ុយក្រែន បានត្រឡប់មកកាន់តំណែងវិញ លោក ត្រាំ, អនុប្រធានាធិបតី លោក ជេ ឌី វ៉ាន់ស៍ (JD Vance) និងលោក ហ្សេឡេនស្គី បានជួបប្រទះនឹងការប្រឈមមុខដាក់គ្នាដ៏តានតឹងមួយនៅក្នុងបន្ទប់ Oval Office ដែលត្រូវបានផ្សាយតាមទូរទស្សន៍។។ ទំនាក់ទំនងរវាងទីក្រុងគៀវ និងទីក្រុងវ៉ាស៊ីនតោន បានធ្លាក់ចុះដុនដាប ចាប់តាំងពីលោក ត្រាំ បានដកទណ្ឌកម្មមួយចំនួន ដើម្បីឈានដល់កិច្ចព្រមព្រៀងផ្គត់ផ្គង់ប្រេងម៉ាស៊ូតជាមួយលោក ពូទីន ហើយថែមទាំងបានរិះគន់លោក ហ្សេឡេនស្គី ថាជាអ្នកបង្កសង្គ្រាម ដោយសារតែអ៊ុយក្រែនបានវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី៕